ព័ត៌មានអន្តរជាតិ

ចិន និង​អាមេរិក ​គួរ​ដោះស្រាយ​ការ​ ខ្វែងគំនិត​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ និងស្វែងរក​វិធី​ត្រឹមត្រូវ​ សម្រប​ខ្លួន​ទៅវិញទៅមក

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែដោះស្រាយភាពខ្វែងគំនិតគ្នា ការលំបាកដោយក្លាហាន និងស្វែងរកវិធីត្រឹមត្រូវ ដើម្បីចុះសម្រុងគ្នា។

លោក Li បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកនៅឯកិច្ចសន្ទនា Shangri-La លើកទី២០ ថា ទំនាក់ទំនងចិន-អាមេរិក គឺស្ថិតនៅលើស្ថិរភាពយុទ្ធសាស្ត្រសកល ហើយជាការផ្តោតការយកចិត្តទុកដាក់ជាសកល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងនោះដែរលោក​បាន​អំពាវនាវ​ឲ្យ ​ប្រជាជាតិ​ទាំងពីរ​រស់នៅ​តាម​ការរំពឹងទុក ​របស់​ប្រទេស​ក្នុង​ពិភពលោក ហើយ​ដើរ​តាម​និន្នាការ​នៃ​សម័យកាល ដោយសារតែភាគីទាំងពីរនាពេលបច្ចុប្បន្ននេះ មានការតានតឹងកាន់តែខ្លាំងឡើង​។

លោក Li បានលើកឡើងថា សហគមន៍អន្តរជាតិស្វែងរកសន្តិភាព និងស្ថិរភាពទំនាក់ទំនងចិន-អាមេរិក​ និងព្រួយបារម្ភ អំពីជម្លោះដែលអាចកើតមាន ឬការប្រឈមមុខគ្នា ដែលនឹងក្លាយជាគ្រោះមហន្តរាយ ដែលមិនអាចទ្រាំទ្របាន សម្រាប់ពិភពលោក។

លោក​បាន​បន្ត​ថា ជំនួស​ឱ្យ​ការ​បង្ក​ឱ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា ​ក្នុង​ប្លុក​ដើម្បី​ផលប្រយោជន៍​ខ្លួន​ឯង ប្រទេស​ធំៗ​គួរ​គិតគូរ​ពី ផលប្រយោជន៍​ទាំងអស់​គ្នា ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​តាម​រយៈ​ការ​ផ្លាស់​ប្តូរ និង​កិច្ចសហប្រតិបត្តិការ ។

ទោះបីជាមានប្រព័ន្ធផ្សេងគ្នា និងភាពខុសគ្នាផ្សេងទៀតក៏ដោយ លោកបានកត់សម្គាល់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែស្វែងរកមូលដ្ឋានរួម និងផលប្រយោជន៍រួម ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ព្រោះប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ប្រទេសទាំងពីរនឹងទទួលបាន ផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងចាញ់ពីការប្រឈមមុខដាក់គ្នា។

ដោយកត់សម្គាល់ថា ប្រទេសចិន ស្វែងរកការអភិវឌ្ឍប្រភេទថ្មី នៃទំនាក់ទំនងប្រទេសធំ ជាមួយសហរដ្ឋអាមេរិក លោក Li បានអំពាវនាវឱ្យភាគីសហរដ្ឋអាមេរិក ធ្វើសកម្មភាពដោយស្មោះត្រង់ ផ្គូផ្គងពាក្យសម្ដីរបស់ខ្លួន ជាមួយនឹងទង្វើ និងចាត់វិធានការជាក់ស្តែង ដើម្បីធ្វើការរួមគ្នាជាមួយប្រទេសចិ នក្នុងទិសដៅតែមួយ ដើម្បីរក្សាស្ថិរភាពទំនាក់ទំនង ចិន-អាមេរិក ពីការខ្សោះជីវជាតិកាន់តែខ្លាំងឡើង។

លោក Li បាន​ទទួល​ស្គាល់​ថា ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​បាន​ឃើញ​ថា ទំនាក់ទំនងចិន-អាមេរិក​ ស្ថិតក្នុងកម្រិតទាបបំផុតចាប់តាំងពី ការបង្កើតទំនាក់ទំនងការទូតមក ប៉ុន្តែគេជឿថា “ពិភពលោក គឺធំល្មមសម្រាប់ប្រទេសនានា រួមទាំងចិន និងសហរដ្ឋអាមេរិក ដើម្បីរីកចម្រើនជាមួយគ្នា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top