ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យភាគីពាក់ព័ន្ធពន្លឿន ការកាត់ក្ដី លើស្ត្រីកំពុងជាប់ឃុំ និងឲ្យជួលសណ្ឋាគារបន្ថែម ដើម្បីកាត់ក្ដី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារី បន្តសហការ ជាមួយ ក្រសួងមហាផ្ទៃ ក្នុងការតាមដានរឿង ស្ត្រីជាទណ្ឌិត ឬជាពិរុទ្ធជន ដើម្បីពន្លឿនការងារ កាត់ក្តីឲ្យឆាប់ រួមទាំងការស្វែងរកមេធាវី សម្រាប់ការពារស្ត្រី ដែលជាពិរុទ្ធជននោះផងដែរ ជាពិសេសសម្ដេច ក៏អនុញ្ញាតឲ្យជួល សណ្ឋាគារបន្ថែម បើសិនជាខ្វះសាលសវនាការកាត់ក្តី ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូក សរុបលទ្ធផល ការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ជាអនុប្រធានកិត្តិយស ។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង កិច្ចការនារី ជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់ រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍ លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយ រាល់ការងារជាអាទិភាពនានារបស់ស្ត្រី ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ ។ សម្តេចថា បច្ចុប្បន្ន ស្ត្រីបានចូលរួមចំណែកក្នុង កិច្ចការងារជាច្រើនក្នុងវិស័យផ្សេងៗ ដូចជាវិស័យសុខាភិបាល , វិស័យសេវាកម្ម ដូចជាធនាគា សណ្ឋាគារ, ភោជនីដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធាផងដែរ ។

សម្តេចតេជោ ក៏បានកោតសរសើរ តួនាទីស្ត្រីក្នុងវិស័យយោធា ដែលថ្មីៗនេះមានមានស្ត្រីមួយចំនួន ដែលបានចូលរួមក្នុងកម្លាំង ប្រត្តិការជួយយសង្គ្រោះក្នុងហេតុការណ៍ បាក់អគារកាលពីពេលថ្មីៗកន្លងទៅនេះ ពីព្រោះគេបានចូលរួមយ៉ាងសកម្ម ដែលបង្ហាញនូវភាពក្លាហាន ក្នុងការជួយសង្គ្រោះមិនចាញ់បុរសនោះឡើយ។ សម្តេចតេជោ ក៏បានអរគុណផងដែរចំពោះស្ត្រី ដែលបានចូលរួមក្នុងកម្លាំងកងរក្សាសន្តិភាពមួកខៀវ នៃអង្គការសហប្រជាជាតិ ដែលបានចូលរួមក្នុង ប្រទេសមួយចំនួនដូចជា ប្រទេសអៀរ៉ាក់, សៀរី, យ៉េម៉ែន, ម៉ាលី និងអាហ្វ្រិកកណ្តាលជាដើម។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ជំរុញឲ្យក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្ត នូវកិច្ចសហការបន្ថែមទៀត ជាមួយក្រសួងមហាផ្ទៃ ក្នុងការតាមដានរឿង ស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជន ដើម្បីធ្វើយ៉ាងណាពន្លឿន ការងារកាត់ក្តីអោយឆាប់ រួមទាំងការស្វែងរកមេធាវី សំរាប់ការពារស្ត្រីដែលជាពិរុទ្ធជននោះផងដែរ ។ សុំឲ្យក្រសួង យុត្តិធម៌ត្រូវពន្លឿនការងារនេះ ដែលបច្ចប្បន្ននេះលឺថា មានជាង ២ម៉ឺនសំណុំរឿង ដែលមិនទាន់បានកាត់ក្តី ចូច្នេះត្រូវពន្លឿនសំណុំរឿងនេះអោយបានឆាប់ ហើយបើខ្វះសាលសវនាការកាត់ក្តី អាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ ។ សុំឲ្យក្រសួងការងារ ត្រូវតាមដានពលការិនី ដែលទៅធ្វើការងារនៅក្រៅប្រទេស ដោយត្រូវយកចិត្តទុកដាក់ ទៅលើសុវត្តិភាពរបស់ពួកគេ និងការពារការរំលោភបំពានផ្សេងៗ» ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យា ដើម្បីពិនិត្យមើល និងចាត់វិធានការរាល់វីដេអូអាសអាភាស របស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួន ព្រោះនេះពិតជាមានការប៉ះពាល់ យ៉ាងខ្លាំងដល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជា ក៏គ្មានច្បាប់អោយធ្វើបែបនោះឡើយ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានព្រមានចាត់វិធានការអ្នក ដែលផ្សព្វផ្សាយលក់ ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ (Live) លក់ផលិតផលរបស់ខ្លួន លើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ ។

សម្តេចតេជោ បានជំរុញឲ្យមានការបង្កើន សមត្ថភាពមន្ត្រីរាជការស៊ីវិល ជាស្ត្រីតាមការបណ្តុះបណ្តាលសមត្ថភាព ដើម្បីអោយស្ត្រីបានកាន់តួនាទីផ្សេងៗ ក្នុងក្រសួងស្ថាប័ន ដើម្បីអោយចំនួនស្ត្រីមានការ កើនឡើងជាបន្តបន្ទាប់ទៀត។

សម្តេចតេជោបន្ថែមថា កម្ពុជាកំពុងអនុវត្តគោល នយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេ ចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ ហើយគិតតាំងពីឆ្នាំ២០១៨មក មានស្ត្រីជាង ១៥ម៉ឺននាក់ ដែលបានឆ្លងទន្លេ ។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូចំពោះម៉ោងចេញ-ចូល និងម៉ោងសម្រាកចំពោះកម្មការនី ដែលទទួលបានការ ពិនិត្យផ្ទៃពោះ ដោយមិនគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ ព្រមទាំងទទួលបានថវិកា ក្នុងពេលសម្រាលកូនទៀតផង ។ ជាពិសេសទៀតនោះ គឺក្នុងពេលសម្រាលកូន គឺបានឈប់សម្រាករយៈពេល ៣ខែ ហើយទទួលបានប្រាក់ខែ១២០%ទៀតផង ។ ដោយឡែក ស្ត្រីក្រក្រី គឺទទួលបានការឧបត្ថម្ភ តាំងពីមានផ្ទះពោះ, ពេលសម្រាល រហូតដល់កូនមានអាយុ ២ឆ្នាំ ៕

To Top