ព័ត៌មានជាតិ

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៦ BICC 2023 (ប៊ី អាយ ស៊ី ស៊ី) ជាមួយសាកលវិទ្យាល័យដៃគូ ចំនួន ៣៤ មកពី ១៥ប្រទេសជុំវិញពិភពលោក

ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៦ ឆ្នាំ២០២៣ BICC2023-ប៊ី អាយ ស៊ី ស៊ី ២០២៣ (The 6th BELTEI International Collaboration Conference 2023) ក្រោមប្រធានបទ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស” ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងដោយមានការអញ្ជើញចូលរួម និងធ្វើបទបង្ហាញ ពីសាកលវិទ្យាល័យដៃគូចំនួន ៣៤ មកពី ១៥ប្រទេសជុំវិញពិភពលោក ជូនដល់និស្សិតសាកលវិទ្យាល័យ និងសិស្សសាលា ប៊ែលធី អន្តរជាតិ សរុបជាង ៥,០០០នាក់ ។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា BICC គឺជាសន្និសីទលក្ខណៈអន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យដៃគូ នៅឯក្រៅប្រទេស ដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់គុណភាព វិស័យអប់រំនៅកម្ពុជា ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលមាន ៧ចំណុចសំខាន់ៗ ៖
១-ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗ របស់កម្ពុជាទៅកាន់ពិភពលោក
២-បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣-ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗ នៅតាមប្រទេសនានា ជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤-បង្កើតនូវវេទិកាទំនាក់ទំនង សម្រាប់គ្រឹះស្ថានទាំងអស់ ដែលបានចូលរួម
៥-ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦-ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិត ទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៧-ចូលរួមចំណែកអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ ។

នៅក្នុងពិធីបើក សន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍ អំពីជីវិតសិក្សានៅក្រៅប្រទេស របស់អតីតសិស្សនិទ្ទេស-A ដែលជានិស្សិត អាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ២រូប គឺលោក ទូច អៀង និងកញ្ញា ហេង ហ្គ្រេចហ៊ុង ដែលបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ Guilin of Technology នៃប្រទេសចិន ព្រមទាំងការសម្តែង ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩ យ៉ាងជោគជ័យ និង បានបើកដំណើរការសកម្មភាព សង្គមសេដ្ឋកិច្ចលើគ្រប់វិស័យ ទូទាំងប្រទេសឡើងវិញ ។ ជាពិសេសភាព ជោគជ័យ ដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០-៤១ មហាសន្និបាត អន្តរសភា អាស៊ាន (AIPA) លើកទី៤៣ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។

លោកបណ្ឌិត បានថ្លែងអំណរគុណ ចំពោះគ្រឹះស្ថាន សិក្សាទាំង៣៤ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញ ចូលរួមសន្និសីទ ដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សា របស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្ស-និស្សិតកម្ពុជា ។ លោកបណ្ឌិត បានបន្ថែមថា សន្និសីទ BICC ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងយុគសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ។

ជាទីបញ្ចប់ លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសទាំងអស់ បន្តចូលរួមសន្និសីទ BICC 2024 ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត ៕

To Top