ព័ត៌មានជាតិ

ពលរដ្ឋងាយរងគ្រោះ ២០០គ្រួសារ ក្នុងស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយសហការី នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ជនងាយរងគ្រោះខ្វះខាតជីវភាព ចំនួន ២០០គ្រួសារ នៅក្នុង បរិវេណ វត្តភ្នំវិហារ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។ 

បន្ទាប់ពីថ្លែង នូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមឱ្យថែរក្សាសុខភាព ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ជាសវាងការចម្លងជម្ងឺពីសត្វល្អិតផ្សេងៗ ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយសារប្រទេសយើង មានសន្តិភាព។ ដូចនេះ សន្តិភាពមានតម្លៃធំណាស់ សម្រាប់ប្រជាជនកម្ពុជា ពោល ប្រសិនបើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិតជារស់នៅ ពុំបានសុខសាន្ត នោះឡើយ ។ដូច្នេះ យើងត្រូវបន្តខិតខំថែរក្សាការពារសន្តិភាព ដែលកំពុងមានស្រាប់នេះ ដើម្បី បន្តអភិវឌ្ឍន៍ប្រទេសជាតិយើងតទៅមុខទៀត ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ២០០ គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១ កេស . ទឹកស៊ីអ៊ីវ ១យួរ,  ត្រីខ ១០ កំប៉ុង , សាប៊ូ ៤ដុំ , ឃីត ១កញ្ចប់  និង ថវិកា ៣០,០០០ រៀល ៕

To Top