ព័ត៌មានជាតិ

សកម្មជនបក្សប្រឆាំង ជាង៣០នាក់ ស្ម័គ្រចិត្តចូលរួមជីវភាព នយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា

ភ្នំពេញ៖ សកម្មជនគណបក្សប្រឆាំងចំនួន៣១នាក់ បានស័្មគ្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា ក្រោយមើលឃើញពីវីរៈភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ បានរីកចំរើនជឿនលឿន ដូចសព្វថ្ងៃនេះ ។

សកម្មជនទាំង៣១នាក់ ត្រូវបានប្រកាសបញ្ចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​គណៈកម្មាធិកា​រ គណបក្ស​រាជធានីភ្នំពេញ និងលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រៃយ៍គណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក ឃួ​ង ស្រេង បានលើកឡើងថា ការសម្រេចចិត្តរបស់បងប្អូន គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយបងប្អូនបានមើលឃើញ ពីការយកចិត្តទុកដាក់ និង ការលះបង់ដ៏ធំធេង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការ អភិវឌ្ឍជូនជាតិ។ យើងដាច់ខាតត្រូវការពារសន្តិភាពឲ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ ។ មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍ រីកចំរើនជឿនលឿនបាន ។

លោក ឃួង ស្រេង ណែនាំ​ឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីទាំង៣១រូប ជួយផ្សព្វផ្សាយអំពីអំពើល្អ របស់គណបក្សប្រជាជនកម្ពុជា ដោយនិយាយតែការពិត ដែលគណបក្សប្រជាជនកម្ពុជា បានធ្វើ គឺគ្រប់គ្រាន់ហើយ និងសូមឲ្យសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ៕

To Top