បរទេស៖ មន្ត្រីសន្តិសុខអាមេរិកបាននិយាយថា ក្រសួងថាមពលសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហព័ន្ធមួយចំនួនទៀត ត្រូវបានលួចចូលដោយក្រុមជំរិតទារប្រាក់ តាមអ៊ីនធឺណិតរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីសន្តិសុខមាតុភូមិ ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្នាក់ងារបានតាមទាន់នៅក្នុងការលួចចម្លងកម្មវិធី MOVEit Transfer ដែលជាកម្មវិធីផ្ទេរឯកសារដែលពេញនិយមជាមួយរដ្ឋាភិបាល និងសាជីវកម្ម។
ក្រសួងថាមពលរបស់អាមេរិក បាននិយាយថា អង្គភាពរបស់ខ្លួនចំនួនពីរត្រូវបាន “រងការរំខាន ឬខូច” នៅក្នុងការលួចចូល ឬ ហេកចូលនេះ។
ក្រុមជំរិតទារប្រាក់ដែលពាក់ព័ន្ធជាមួយរុស្ស៊ី គឺក្រុម CI0p ដែលបានអះអាងទទួលខុសត្រូវចំពោះការលួចចូលនោះ បាននិយាយកាលពីសប្តាហ៍មុននៅលើគេហទំព័រងងឹតថា ជនរងគ្រោះរបស់ខ្លួនមានពេលរហូតដល់ថ្ងៃពុធ ដើម្បីចរចាតម្លៃលោះ ឬប្រថុយនឹងព័ត៌មានរសើបដែលត្រូវបានបញ្ចេញតាមអ៊ីនធឺណិត។ ក្រុមនេះបានបន្ថែមថា ខ្លួននឹងលុបទិន្នន័យដែលលួចពីរដ្ឋាភិបាល ទីក្រុង និងនាយកដ្ឋានប៉ូលីស។
Jen Easterly នាយកទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ បាននិយាយថា ខណៈពេលដែលការឈ្លានពាននេះ “ភាគច្រើនជាជនឱកាសនិយម” ដែលមានលក្ខណៈស្រពិចស្រពិល និងចាប់បានយ៉ាងឆាប់រហ័ស ហើយភ្នាក់ងាររបស់លោកស្រី មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីយុទ្ធនាការនេះ ហើយធ្វើការលើវាដោយភាពបន្ទាន់៕
ប្រែសម្រួលៈ ណៃ តុលា