ប៉េកាំង ៖ រដ្ឋាភិបាលទាំងពីរបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន Qin Gang និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ នៅទីក្រុងប៉េកាំងថា ប្រទេសរបស់ពួកគេ នឹងបន្តកិច្ចសន្ទនា ចំពេលមានភាពតានតឹងទ្វេភាគី កើនឡើងលើបញ្ហាកោះតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត ដោយ Qin ត្រូវបានអញ្ជើញទៅទស្សនកិច្ច ទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការពិភាក្សា។
ក្រសួងការបរទេសបានឲ្យដឹងថា លោក Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ការរក្សាបណ្តាញទំនាក់ទំនងបើកចំហនៅទូទាំងបញ្ហាពេញលេញ ដើម្បីកាត់បន្ថយហានិភ័យ នៃការយល់ខុស និងការគណនាខុស” ហើយបានយល់ព្រមជាមួយលោក Qin ដើម្បីកំណត់ពេល នៃដំណើរទស្សនកិច្ចទៅ វិញទៅមកនៅ “ពេលវេលាសមស្របណាមួយ”។
លើបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថា ជារបស់ខ្លួន លោក Qin បានព្រមានប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិក នៅក្នុងបញ្ហាជុំវិញកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងដោយលើកឡើងថា វាគឺជា “ផលប្រយោជន៍ស្នូលរបស់ចិន” និង “ហានិភ័យដ៏លេចធ្លោបំផុត” ។
ក្រសួងការបរទេសបានឲ្យដឹងថា ក្នុងអំឡុងកិច្ចពិភាក្សា ដែលមានរយៈពេល ៥ម៉ោងកន្លះលោក Blinken ក៏បានលើកឡើងពីឱកាស ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ លើបញ្ហាឆ្លងដែនរួមគ្នា ដែលផលប្រយោជន៍នៃប្រទេសទាំងពីរស្របគ្នា។
លោក Blinken គឺជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលមកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលបានចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០២១៕
ប្រែសម្រួល ឈូក បូរ៉ា