ព័ត៌មានអន្តរជាតិ

សម្ព័ន្ធយុវជន កុម្មុយនិស្តចិន ចាប់ផ្តើមសមាជជាតិ លើកទី១៩ ក្នុងនាមសមាជិកជាង ៧៣លាននាក់, ប្រតិភូជិត ១៥០០នាក់ មកពីទូទាំងប្រទេស បានចូលរួម

បរទេស ៖ សម្ព័ន្ធយុវជនកុម្មុយនិស្តចិន (CYLC) បានបើកសមាជជាតិលើកទី១៩ របស់ខ្លួននៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំបក្សកុម្មុយនិស្តចិន (CPC) និងរដ្ឋ រួមមាន លោក Xi Jinping, Zhao Leji, Wang Huning, Ding Xuexiang និង លោក Li Xi បានចូលរួមការបើកដើម្បីអបអរសាទរនេះ។ លោក Cai Qi ថ្លែងសុន្ទរកថាក្នុងនាមគណៈកម្មាធិការមជ្ឈិម CPC ។

លោកប្រធានាធិបតី Xi ក៏ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម CPC និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ក៏ដូចជាមេដឹកនាំផ្សេងទៀត ត្រូវបានស្វាគមន៍ ដោយការអបអរសាទរយ៉ាងក្លៀវក្លា នៅពេលពួកគេមកដល់មុនការបើក។

ក្នុងនាមសមាជិក CYLC ជាង ៧៣លាននាក់, ប្រតិភូជិត ១៥០០នាក់ មកពីទូទាំងប្រទេសបានចូលរួមសមាជនេះ។

នៅក្នុងសុន្ទរកថារបស់លោក Cai បាននិយាយថា ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការកណ្តាល CPC , សម្ព័ន្ធយុវជនកុម្មុយនិស្តចិន បានយកការគិតរបស់លោក Xi Jinping លើសង្គមនិយមជាមួយនឹងលក្ខណៈចិន សម្រាប់យុគសម័យថ្មីជាការណែនាំរបស់ខ្លួន ចាប់តាំងពីសមាជជាតិ CYLC លើកទី ១៨ ។

សម្ព័ន្ធយុវជនកុម្មុយនិស្តចិន បានពង្រឹងមនសិការនយោបាយ លក្ខណៈកម្រិតខ្ពស់ និងសមត្ថភាពក្នុងការតំណាងឱ្យប្រជាជន និងពង្រឹងភាពជាអ្នកដឹកនាំ អង្គការ និងសេវាកម្មរបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top