ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង បញ្ជាក់ដា ផ្លូវ​អភិវឌ្ឍន៍​ដែល​មាន​គុណភាព​ខ្ពស់ ​របស់​ចិន នឹងផ្តល់​ឱកាស​បន្ថែម​ទៀត​ ដល់​ពិភពលោក

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះផ្លូវអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ ដែលផ្តល់អាទិភាពដល់ការអភិរក្សអេកូឡូស៊ី និងលក្ខណៈនៃរបៀបបៃតង និងកាបូនទាប នឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់ពិភពលោក និងរួមចំណែកកាន់តែច្រើន ដល់វឌ្ឍនភាពរបស់មនុស្សជាតិ។

លោក ស៊ី បានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹង លិខិតរបស់លោក Eric Domb ប្រធាន និងជាស្ថាបនិកសួនសត្វ Pairi Daiza ក្នុងប្រទេសបែលហ្សិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោក​បាន​បន្ត​ថា​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​កំពុង​ជំរុញ​ទំនើបកម្ម​ចិន​ យ៉ាង​សកម្ម​ដែល​បង្ហាញ​ពី​ ការ​រួមរស់​ដោយ​សុខដុម​រមនា ​រវាង​មនុស្ស និង​ធម្មជាតិ និង​ការ​អនុវត្ត​គម្រោង​អភិរក្ស ​ជីវចម្រុះ​សំខាន់ៗ។

លោកបានបន្ថែមថា ប្រភេទសត្វជិតផុតពូជមួយចំនួនធំ កំពុងស្ថិតក្រោមការការពារប្រកបដោយប្រសិទ្ធភាពជាមួយនឹងខ្លាឃ្មុំផេនដាធំ ដោយហេតុនេះ ត្រូវបានបន្ទាបចំណាត់ថ្នាក់ ពីប្រភេទ ជិតផុតពូជ ទៅជាសត្វដែលងាយរងគ្រោះ។

នៅក្នុងសំបុត្រមួយច្បាប់ដែល Domb បានសរសេរទៅកាន់លោក ស៊ី នាពេលថ្មីៗនេះ លោកបានរំលឹកថា លោក ស៊ី និងភរិយារបស់លោក Peng Liyuan បានចូលរួមក្នុងពិធីបើកសាលធំខ្លាឃ្មុំផេនដានៅសួនសត្វ Pairi Daiza អំឡុងពេលអ្នកទាំងពីរទៅលេងប្រទេសបែលហ្ស៊ិកក្នុងខែមីនា ឆ្នាំ២០១៤។

លោក Domb បានលើកឡើងថា សួនសត្វចិនបង្ហាញពីគំនិត នៃការរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ហើយក្តីស្រមៃរបស់ចិន ក៏ដូចជាការអភិវឌ្ឍន៍ និងវិបុលភាពរបស់ប្រទេសចិន នឹងតែងតែជាឱកាសដែលអាចចែករំលែក បានដោយមនុស្សជុំវិញពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top