កាប៊ុល៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងការពារជនភៀសខ្លួន អាហ្វហ្គានីស្ថាន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ចេញផ្សាយកាលពីថ្ងៃចន្ទថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន សរុបចំនួន២.៥០៥នាក់បានធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកំណើត អាហ្វហ្គានីស្ថានវិញ ហើយដោយចេញពីប្រទេសជិតខាង គឺអ៊ីរ៉ង់ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ។
សេចក្តីថ្លែងការណ៍បានដាក់ថា “ជនភៀសខ្លួនអាហ្វហ្គានីស្ថាន សរុបចំនួន២.៥០៥នាក់ បានវិលត្រឡប់មកកាន់ប្រទេស កំណើតអាហ្វហ្គានីស្ថានវិញ នៅក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ បន្ទាប់ពីបានរស់នៅអស់ជាច្រើនឆ្នាំជាជនភៀស ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ហើយដំណើរការ នៃការបញ្ជូនជនភៀសខ្លួនទាំងនោះ ទៅកាន់ប្រទេសរបស់ពួកគេវិញ នៅតែបន្តដដែល” ។
ក្រសួងខាងលើក៏បានរាយការណ៍ ឲ្យដឹងទៀតថា អំពីការវិលត្រឡប់របស់ជនភៀស ខ្លួនអាហ្វហ្គានីស្ថានចំនួន៤៧៦នាក់ ពីប៉ាគីស្ថានមកកាន់ប្រទេស កំណើតរបស់ពួកគេ គឺអាហ្វហ្គានីស្ថានបានធ្វើឡើង កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
គួររំលឹកថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន លើសពី៦០.០០០នាក់ ត្រូវបានគេរាយការណ៍ថា បានវិលត្រឡប់មកពីប្រទេសអ៊ីរ៉ង់វិញ ចាប់តាំងពីខែមករាម្ល៉េះ ។
គេបានដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាង២,៥លាននាក់ ដែលបានចុះឈ្មោះតាមសេចក្តីរាយការណ៍ បានកំពុងរស់នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយចំនួនជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រហែលដូចគ្នាដែរ គឺស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន ៕