ភ្នំពេញ៖ រយៈពេលថ្មីៗ ចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាម ជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវ បានខាតបង់ប្រាក់ រាប់ពាន់ម៉ឺនដុល្លារ ដោយសារតែការបោកបញ្ឆោត ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញ បានទទួលបណ្តឹង ពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិ ជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់ អតិថិជនដែលជំពាក់ខ្លួនផងដែរ។
ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាម របស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០.០០០$ ហើយខ្លួន បានវេរទៅឲ្យអស់ ១០.០០០$ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជន ផ្ទាល់ដើម្បីសួរនាំ ទើបដឹងថាមានការចាញ់ បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាត ខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាម របស់គាត់បាត់ហើយ។
តាមរយៈវិធានការជំនាញ និង ការតាមប្រម៉ាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី១៧ ១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់អាវុធ ហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ជាបន្តបន្ទាប់ (ខ្មែរ១នាក់, ចិន៤នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុមHacker នៅឯបរទេស ធ្វើសកម្មភាព ហែកចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។
ជនសង្ស័យទាំង ០៥នាក់រួមមាន៖
១.ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។
២.ឈ្មោះ មាស ស្រីចិន (ហៅស្រីពៅ) ជនជាតិខ្មែរ ប្រពន្ធរបស់ឈ្មោះ YU YULONG ទទួលខុសត្រូវបកប្រែឆាត ពីខ្មែរទៅចិន និងពីចិនទៅខ្មែរ ទាំងអក្សរនិងសម្លេង ឲ្យក្រុម Hacker។
៣.ឈ្មោះ HUANG ZHENG LIANG ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ, រកបណ្តាញបន្ថែម និងពេលខ្លះ ទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacker។
៤.ឈ្មោះ ZHANG ZHAOCUN ជនជាតិចិន ទទួលខុសត្រូវខាង ដកលុយចេញពីធនាគារ។
៥.ឈ្មោះ LI QUEQIN ទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។
តាមចម្លើយសារភាពរបស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន បានឲ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថាពួកនោះនៅទីណាទេ គ្រាន់តែធ្លាប់ឭពួកវាប្រាប់ថារស់នៅប្រទេសថៃ ហើយពួកវាប្រាប់ថា អាចហែកតេឡេក្រាមបាន តាមរយៈផ្ញើសារឬកម្មវិធីអ្វីមួយ ទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះ ចូលមើល នោះពួកវានឹងចូលទៅគ្រប់គ្រង កម្មវិធីទូរស័ព្ទ ឬឈានដល់គ្រប់គ្រងអាខោន ធនាគារបាន និងម៉្យាងទៀតប្រសិនបើយើងថតស្កែន លេខតេលេក្រាម៥ខ្ទង់ផ្ញើទៅឲ្យពួកវា នោះពួកវាក៏អាចគ្រប់គ្រង Telegram យើងបានដូចគ្នា។ រាល់ប្រតិបត្តិការជោគជ័យទាំងអស់ ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់ទាំងប៉ុន្មាន គឺត្រូវផ្ញើទៅឲ្យ ក្រុម Hacker តាមរយៈធនាគារ ហ៊ុយវ័ង ។
តាមរយៈបទពិសោធន៍ នៃការបង្ក្រាបករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដោយសារតែបច្ចេកវិទ្យាដើរលឿនពេក ធ្វើឲ្យមានកម្មវិធីជាច្រើន ដែលយើងមិនអាចតាមទាន់បាន ដូច្នេះ បងប្អូនដែលប្រើទូរស័ព្ទទាំងអស់ មិនត្រូវចូលមើល Link ឬ App ណាមួយ ដែលមានប្រភពមិនច្បាស់លាស់ ហើយផ្ញើមកឲ្យយើង តាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏ដូចជាមិនត្រូវ ឆ្លើយឆ្លងជាមួយសារទាំងឡាយណា ដែលទាមទារឲ្យយើងបង្ហាញ នូវទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យធនាគារ ឬថតស្គ្រីនទូរស័ព្ទ របស់យើង ទៅពួកគេនោះឡើយ ហើយបើមានអ្នកស្គាល់ផ្ញើ សារជាអក្សរខ្មែរ ឬអក្សរបរទេសមកយើង ដើម្បីខ្ចីប្រាក់ ឬទារប្រាក់ ឬបង្ខំឲ្យទូទាត់អ្វីផ្សេងៗ យើងមិនត្រូវផ្ទេរ ប្រាក់ទៅភ្លាមៗនោះទេ គឺត្រូវឆែកបញ្ជាក់ ឲ្យបានច្បាស់លាស់ ជាមុនសិន ដើម្បីជៀងវាងការខាតបង់ ឬការចាញ់បោក ដោយប្រការណាមួយ លើការប្រើប្រាស់ទូរស័ព្ទ៕