ថ្ងៃទីប្រាំខែប្រាំ តាមចន្ទគតិចិន ជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យ សែននំចាំង ដែលជាបុណ្យប្រពៃណីមួយ ក្នុងចំណោមបុណ្យធំៗ ចំនួនបួននៅក្នុងប្រទេសចិន ថ្ងៃបុណ្យបីទៀត មានបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន បុណ្យឆេងម៉េង និងបុណ្យសែនព្រះខែ ។
មានទស្សនៈជាច្រើន អំពីប្រភពដើម នៃថ្ងៃបុណ្យសែននំចាំង ទស្សនៈដែលមានឥទ្ធិពលបំផុត គឺជាទស្សនៈស្តីពីការរំលឹកដល់វិញ្ញាណក្ខន្ធលោក Qu Yuan។ កវីនិពន្ធ Qu Yuan គឺជាមន្ត្រីធំរបស់ស្តេច Huai នៃនគរ Chu ក្នុងសម័យ Chunqiu។
គាត់បានផ្តួចផ្តើមឱ្យដំឡើង ឋានៈអ្នកមានសមត្ថភាព ដើម្បីឱ្យប្រទេសជាតិនិងយោធា មានភាពខ្លាំងក្លា ក៏ដូចជាផ្តួចផ្តើមឱ្យរួមដៃគ្នា ជាមួយនគរ Qi ដើម្បីប្រឆាំងនឹងនគរ Qin ។ គំនិតផ្តួចផ្តើមរបស់លោក Qu Yuan ត្រូវបានប្រឆាំងយ៉ាងខ្លាំងពីពួកអភិជន។ លោក Qu Yuan ត្រូវបានស្តេចបណ្តេញ ចេញពីរាជធានី និងនិរទេស ទៅតំបន់ទន្លេ Yuan និងទន្លេ Xiang ។ នៅឆ្នាំ ២៧៨ មុនគ្រិស្តសករាជ កងទ័ព Qin បានដណ្តើមកាន់កាប់រាជធានីនគរ Chu ។ ដោយមើលឃើញមាតុភូមិ ត្រូវបានឈ្លានពាន លោក Qu Yuan ឈឺចិត្តយ៉ាងខ្លាំង ហើយនៅថ្ងៃទីប្រាំខែប្រាំតាមចន្ទគិតចិន គាត់បានឱបដុំថ្មលោតចូល ទៅក្នុងទន្លេ Miluo ដែលបានចារ ទំព័រស្នេហាជាតិ ដ៏អស្ចារ្យជាមួយនឹងការបូជាជីវិត ។
ទំនៀមទម្លាប់ប្រពៃណីធំបំផុត នៃបុណ្យសែននាំចាំង គឺការអុំទូក និងហូបនាំចាំង ។ ប្រជាជនចិន បានផ្សារភ្ជាប់ការប្រណាំងទូក និងការហូបនាំចាំង ជាមួយនឹងលោក Qu Yuan ។ តាមតំណាលតៗគ្នាថា បន្ទាប់ពីលោក Qu Yuan បានលោតចូលទៅក្នុងទន្លេ ប្រជាជន ក្នុងតំបន់បានអុំទូក ដើម្បីជួយសង្គ្រោះគាត់ ដូច្នេះបានកកើតជាទម្លាប់ នៃការប្រណាំងទូក ។ មានខ្លាះតំណាលថា ប្រជាជនតែងតែបោះអាហារ ទៅក្នុងទឹកដើម្បីគោរពវិញ្ញាណក្ខន្ធលោក Qu Yuan ប៉ុន្តែអាហារទាំងនេះ ភាគច្រើនត្រូវបាននាគស៊ីអស់ ទើបពួកគេបានប្រើ ស្លឹកវេចបាយ ហើយរុំដោយសូត្រពណ៌ចម្រុះ ដូច្នេះបានកកើតជានំចាំង។ នេះជាដើមកំណើតនៃការប្រណាំងទូក និងហូបនំចាំងក្នុងថ្ងៃបុណ្យ សែននំចាំង។
ការប្រណាំងទូក ជាសកម្មភាពសំខាន់មួយ នៃថ្ងៃបុណ្យសែននំចាំង ដូច្នេះបុណ្យសែននំចាំង ក៏ត្រូវបានគេហៅថាបុណ្យអុំទូកផងដែរ។ ការប្រណាំងទូកគឺមានការពេញនិយម យ៉ាងខ្លាំងនៅតាមតំបន់ឆ្នេរ សមុទ្រភាគខាងត្បូងប្រទេសចិន ។ លើសពីនេះ ក្នុងនាមជាព្រឹត្តិការណ៍ប្រពៃណី នៃបុណ្យសែននំចាំង ការប្រណាំងទូកត្រូវបានផ្សព្វផ្សាយ នៅជុំវិញពិភពលោក។ បច្ចុប្បន្នមានប្រទេស និងតំបន់ជាង ៨៥ មានសកម្មភាពប្រណាំងទូក។
ក្រៅពីការប្រណាំងទូកនិងហូបនំចាំង ទំនៀមទម្លាប់ប្រពៃណីនៃថ្ងៃបុណ្យ សែននំចាំងក៏មានការព្យួរស្មៅ Ai និងស្មៅ Changpu ទៅមាត់ទ្វារផ្ទះ ការចងខ្សែសូត្រចម្រុះពណ៌ និងការងូតទឹកដែលដាំដោយថ្នាំចិនសែ ជាដើមដើម្បីបណ្តេញជំងឺ និងឧបទ្រពចង្រៃ ៕ អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន