កំពង់ចាម ៖ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ចាម បានលើកឡើងថា ដោយសារមាន នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឲ្យប្រទេស មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ នៅវត្តបឹងស្នាយ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលនានា ដែលបានសាងសង់ចំណាយទឹកប្រាក់ អស់ជាង ៩លានដុល្លារ ក្នុងសង្កាត់សំបូរមាស និងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជា ទទួលនូវសុខសន្តិភាព ពេញលេញ ឯកភាពជាតិនិងទឹកដីទាំងស្រុង ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិទ្បើងវិញលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ជាពិសេសធនធាន មនុស្ស ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោល នយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដែលសមិទ្ធផល ទាំងនោះហើយ បាននឹងកំពុង ជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ៕