បាងកក៖ មន្ត្រីរដ្ឋាភិបាលថៃ បានឲ្យដឹងថាប្រទេសថៃ បាននាំចេញទុរេនស្រស់ជាង ០,៤៧ លានតោនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ដោយសារការបន្តពេញនិយម ក្នុងចំណោមប្រជាជនចិន និងដឹកជញ្ជូនតាមផ្លូវលឿនជាងមុន ទៅកាន់ប្រទេសចិន។
លោក Anucha Burapachaisri អគ្គលេខាធិការរង បានថ្លែងទៅកាន់នាយករដ្ឋមន្រ្តី និងអ្នកនាំពាក្យរដ្ឋាភិបាល នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទុរេនថៃជាង ១៥ម៉ឺនផ្លែមកទល់ពេលនេះ ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន តាមច្រករបៀងពាណិជ្ជកម្មដីគោកអន្តរជាតិថ្មី ដែលកាត់បន្ថយការធ្វើដំណើរមកត្រឹម ៤ថ្ងៃ ដែលពីមុនមានចន្លោះពី ៨ទៅ ១០ ថ្ងៃនៅលើផ្លូវសមុទ្រពីមុន។
លោកបានបន្ថែមថា ជម្រើសដឹកជញ្ជូនស្រស់នេះ មិនត្រឹមតែកាត់បន្ថយថ្លៃដើម សម្រាប់ផ្លែឈើថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការខូចខាត ក្នុងអំឡុងពេលដឹកជញ្ជូនផងដែរ។
យោងតាមលោក Anucha ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាននាំចេញទុរេនស្រស់មានតម្លៃជាង ១១០ពាន់លានបាត (ប្រហែល ៣,១៤ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២២ ដែលជាតម្លៃនាំចេញទុរេនខ្ពស់បំផុត ក្នុងរយៈពេល ៣០ឆ្នាំ ដោយសារភាពងាយស្រួលនៃការដឹកជញ្ជូន ការបង្កើនប្រសិទ្ធភាពរបស់ប្រទេសចិន ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដោយសាររសជាតិដ៏អស្ចារ្យនៃធុរេនថៃ និងវិធានការត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹង។
លោកបន្តថា រដ្ឋាភិបាលថៃ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ លើស្តង់ដារគុណភាពទុរេន ពីប្រភពដល់គោលដៅ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម របស់ប្រទេសថៃ ប្រទេសចិនគឺជាទីផ្សារនាំចេញដ៏ធំបំផុត សម្រាប់ធុរេនថៃកាលពីឆ្នាំមុន ដែលមានចំនួនជាង ៩៦ភាគរយនៃបរិមាណនាំចេញសរុប ៕
ប្រែសម្រួល ឈូក បូរ៉ា