បរទេស ៖ ម្ចាស់ក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin បាននិយាយ កាលពីព្រឹកថ្ងៃសៅរ៍ថា កងកម្លាំង របស់លោកបានដណ្តើម កាន់កាប់ទីស្នាក់ការកណ្តាល របស់ កងទ័ពរុស្ស៊ី នៅភាគខាងត្បូងទីក្រុង Rostov-on-Don របស់រុស្ស៊ី ហើយថា កងកម្លាំងរបស់លោកបានគ្រប់គ្រង ទីតាំងយោធារបស់ទីក្រុងថែមទៀត ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Prigozhin បាននិយាយនៅក្នុងវីដេអូមួយនៅលើ Telegram ថា “យើងស្ថិតនៅក្នុង ទីស្នាក់ការកណ្តាល (កងទ័ព) វាគឺនៅម៉ោង ៧ និង៣០នាទី ព្រឹក ។ ទីតាំងយោធានៅ Rostov រួមទាំងអាកាសយានដ្ឋានមួយ កំពុងស្ថិតក្រោមការគ្រប់គ្រង” ។
នៅព្រឹកថ្ងៃសៅរ៍ លោក Prigozhin និងយុទ្ធជនរបស់លោក បានឆ្លងពីអ៊ុយក្រែនចូលប្រទេសរុស្ស៊ី ហើយបានចូលទៅក្នុងទីក្រុង Rostov ដោយមិនមានការ តទល់ណាមួយដោយឆ្មាំព្រំដែនឡើយ ។ លោក Prigozhin បាននិយាយថា កងកម្លាំងរបស់គាត់បានត្រៀមខ្លួន រួចជាស្រេច “គ្រប់វិធី” ដើម្បីប្រឆាំងនឹងយោធារុស្ស៊ី ហើយនឹងបំផ្លាញគ្រប់គ្នា ដែលឈរនៅតាមផ្លូវរបស់ពួកគេ។
យ៉ាងណាក៏ដោយ មន្ត្រីនៅក្នុងទីក្រុង Rostov បានស្នើឱ្យអ្នកស្រុកស្នាក់នៅផ្ទះ និងកុំធ្វើដំណើរទៅកាន់កណ្តាលទីក្រុង៕