ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន គាំទ្ររុស្ស៊ីក្នុងការរក្សាស្ថិរភាពជាតិ និងការសម្រេច បាននូវការអភិវឌ្ឍន៍ និងវិបុលភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
យោងតាមរបាយការណ៍ លោក Yevgeny Prigozhin ស្ថាបនិកក្រុមហ៊ុន ទាហានស៊ីឈ្នួល Wagner Group និងកងកម្លាំង Wagner ទាំងអស់ បានដកខ្លួនចេញពីទីស្នាក់ការ កណ្តាលនៃ មជ្ឈមណ្ឌលបញ្ជាការយោធា ភាគខាងត្បូងរបស់រុស្ស៊ី។
លោក Prigozhin បានទទួលយកសំណើ របស់ប្រធានាធិបតី បេឡារុស្សលោក Alexander Lukashenko សម្រាប់ក្រុមនេះ ឱ្យបញ្ឈប់ប្រតិបត្តិការ របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងចាត់វិធានការបន្ថែមទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹង ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ការធានា របស់លោកថា លោក Prigozhin អាចទៅប្រទេសបេឡារុស ហើយរុស្ស៊ី នឹងទម្លាក់សំណុំរឿង ព្រហ្មទណ្ឌប្រឆាំងនឹងលោក ។
ឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា ឧប្បត្តិហេតុក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group គឺជាកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី ។
អ្នកនាំពាក្យបានបន្ដថា ក្នុងនាមជាអ្នកជិត ខាងជាមិត្តរបស់រុស្ស៊ី និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួល សម្រាប់យុគសម័យថ្មី ប្រទេសចិនគាំទ្ររុស្ស៊ីក្នុងការរក្សាស្ថិរភាពជាតិ និងការសម្រេចបាននូវការអភិវឌ្ឍន៍ និងវិបុលភាព៕