ព័ត៌មានជាតិ

ព្រឹកស្អែក! សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅក្រុងច្បារមន

រូបភាពពីហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។

ុយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជំនួប​សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយ​កន្លែង​ស្ថិត​នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ការឲ្យដឹងពីលោក អុិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅក្រុងច្បារមននេះចំនួនពីរលើករួចមកហើយកាលពីឆ្នាំ២០១៨។ រោងចក្រ សហគ្រាសទាំង៩ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៦។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។

ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៨១លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ។

To Top