បរទេស៖ បណ្តាប្រទេសសហភាពអឺរ៉ុប កាលពីថ្ងៃច័ន្ទ បានព្រមព្រៀងគ្នាដើម្បីបង្កើនជំនួយយោធារបស់ខ្លួនសម្រាប់ប្រទេសអ៊ុយក្រែន ពី ៣,៨ ពាន់លានដុល្លារដល់ជាង ១៣ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មូលនិធិសន្តិភាពអឺរ៉ុប (EPF) ដែលបណ្តាប្រទេសសហភាពអឺរ៉ុប ផ្តល់វិភាគទានទៅតាមទំហំ នៃសេដ្ឋកិច្ចរបស់ពួកគេ បានបែងចែកជំនួយយោធាចំនួន ៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួចហើយ។
កញ្ចប់ជំនួយនេះគឺដាច់ដោយឡែកពីថវិការបស់ អឺរ៉ុប ដែលមិនត្រូវបានអនុញ្ញាតឱ្យផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការយោធា។
អ្នកការទូតកំពូលរបស់ប្លុកអឺរ៉ុប គឺលោក Josep Borrell ដែលបានស្នើសុំការដំឡើងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តនៅថ្ងៃនេះ នឹងធានាម្តងទៀតថា យើងមានមូលនិធិដើម្បីបន្តផ្តល់ការ គាំទ្រផ្នែកយោធាជាក់ស្តែងដល់កងកម្លាំងប្រដាប់អាវុធរបស់ដៃគូរបស់យើង” ។
លោកបាននិយាយថា “ឥណទាននេះបានបង្ហាញពីតម្លៃរបស់ខ្លួន វាបានផ្លាស់ប្តូរទាំងស្រុង នូវវិធីដែលយើងគាំទ្រដៃគូរបស់យើងលើវិស័យការពារជាតិ។
វាធ្វើឱ្យសហភាពអឺរ៉ុប និងដៃគូរបស់ខ្លួនកាន់តែរឹងមាំ” ។
ចំណែករដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងមិនដកចេញការរារាំងលើទឹកប្រាក់ចំនួន ៥៤៦លានដុល្លារ នៃមូលនិធិដែលមានស្រាប់នោះទេ រហូតដល់ទីក្រុងគៀវ ដកធនាគារហុងគ្រី OTP ចេញពីបញ្ជីខ្មៅពីបញ្ជីក្រុមហ៊ុនដែលទីក្រុងគៀវ ហៅថា “អ្នកឧបត្ថម្ភអន្តរជាតិ” នៃសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា