បរទេស ៖ ក្នុងចំណោមជនសង្ស័យចំនួន ៨៤នាក់ ត្រូវបានចាប់ខ្លួន ពីបទជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារលើ ការិយាល័យគណៈកម្មាធិការ ប្រជាជនក្នុងខេត្ត ដាក់ឡាក់ ក្នុងនោះ ៧៥នាក់ កំពុងត្រូវបាន ស៊ើបអង្កេតពីបទភេរវកម្ម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈវៀតណាម គឺលោក តូ អា សូ បាននិយាយកាលពីថ្ងៃសុក្រថា ប៉ូលីសនៅក្នុងខេត្ត ដាក់ឡាក់ បានសម្រេចលើបទឧក្រិដ្ឋកម្ម ដែលត្រូវស៊ើបអង្កេតស្របតាមនីតិវិធី។
អាជ្ញាធរក៏កំពុងស៊ើបអង្កេត ទៅលើមនុស្ស៧នាក់ពីបទក្លែងក្លាយ ដោយជនសង្ស័យម្នាក់លាក់បទឧក្រិដ្ឋ និងម្នាក់ទៀតពីបទលួចចូល ចេញ ឬស្នាក់នៅក្នុងប្រទេសវៀតណាម ដោយខុសច្បាប់។
ការវាយប្រហារលើការិយាល័យ គណៈកម្មាធិការប្រជាជននៅឃុំ អេទ័រ និងឃុំ អេខ្ទ័រ កាលពីថ្ងៃទី ១១ ខែមិថុនា ដែលបានបណ្តាលឱ្យមនុស្ស៩នាក់ បានស្លាប់ គឺជា “អំពើភេរវកម្ម ត្រូវបានគេរៀបចំឡើង” ។
ក្នុងចំណោមជនសង្ស័យទាំងនោះ គឺមានម្នាក់ជាសមាជិក នៃអង្គការភេរវជនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានផ្តល់ការណែនាំដល់ អ្នកវាយប្រហារ ដើម្បីជ្រៀតចូលប្រទេសវៀតណាម និងធ្វើការវាយប្រហារ។
អាជ្ញាធរក៏បាននិយាយថា ពួកគេមានឯកសារដែលបញ្ជាក់ថា ឧបទ្ទវហេតុកើតឡើង ដោយសារការគាំទ្រ និងការណែនាំពីបុគ្គល និងអង្គការមួយចំនួន នៅក្រៅប្រទេសវៀតណាម។
ក្រសួងសន្តិសុខសាធារណៈវៀតណាម បាននិយាយថា ខ្លួនសង្ឃឹមថាមិត្តអន្តរជាតិ នឹងគាំទ្រវៀតណាមក្នុងអំឡុងពេលស៊ើបអង្កេត ដើម្បីដោះស្រាយករណីនេះ និង “ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម”៕