ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា រុស្ស៊ីបានចំណាយប្រាក់ ១,០៤ ពាន់លានដុល្លារ សម្រាប់ប្រាក់ឈ្នួល និងប្រាក់លើកទឹកចិត្តសម្រាប់អ្នកប្រយុទ្ធ Wagner

ប្រភព ៖ Xinhua

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់នៅក្នុងកិច្ចប្រជុំជាមួយ មេបញ្ជាការយោធារបស់រុស្ស៊ី នៅក្នុងវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារថា ក្រុមទាហាន Wagner គឺពឹងផ្អែកទាំងស្រុងលើការគាំទ្ររបស់រដ្ឋ។ លោកបន្ថែមថា ក្រុមអ្នកចម្បាំងរបស់ក្រុមហ៊ុនយោធា ឯកជនមួយនេះ ត្រូវបានផ្គត់ផ្គង់ និងចំណាយដោយ ក្រសួងការពារជាតិ និងថវិការដ្ឋ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតី វ្លាឌីមៀ ពូទីន បានបង្ហាញឱ្យដឹងថា នៅចន្លោះខែឧសភា ឆ្នាំ ២០២២ ដល់ខែឧសភា ឆ្នាំ ២០២៣ អាជ្ញាធររុស្ស៊ីបានបែងចែកប្រាក់ចំនួន ៨៦,២៦ ពាន់លានរូប្ល ស្មើនឹង ១,០៤ ពាន់លានដុល្លារ សម្រាប់ប្រាក់ឈ្នួល និងប្រាក់លើកទឹកចិត្តសម្រាប់អ្នកប្រយុទ្ធ Wagner ។

លោក ពូទីន បានបន្ថែមថា ទន្ទឹមនឹងនេះដែរ ស្ថាបនិករបស់ទាហាន Wagner គឺលោក អ៊ីវជិននី ព្រីហ្គូស៊ីន ដែលជាម្ចាស់ក្រុមហ៊ុនផ្តល់ម្ហូបអាហារឈ្មោះ ខុនខត ទទួលបានប្រាក់រាប់ពាន់លានដុល្លារលើកិច្ចសន្យារដ្ឋ។

នៅពេលដែលការចំណាយរបស់ Wagner Group ដែលជាការទទួលខុសត្រូវរបស់រដ្ឋ, ម្ចាស់ក្រុមហ៊ុន Concord បានទទួលប្រាក់ ៨០ពាន់លានរូប្ល ដែលស្មើនឹងប្រហែល ៩៦០ លានដុល្លារ ពីរដ្ឋក្នុងមួយឆ្នាំ ដោយការផ្គត់ផ្គង់ផលិតផលអាហារដល់កងទ័ព។

លោកបានបន្តថា «ខ្ញុំសង្ឃឹមថាគ្មាននរណាម្នាក់លួចអ្វីមួយនោះទេពេលបំពេញកិច្ចសន្យានេះ» ដោយបន្ថែមថា អាជ្ញាធរនឹង«ពិតជាជជីកយកវា»។

សូមជម្រាបថា កាលពីថ្ងៃសុក្រ សប្តាហ៍មុន លោក ព្រីហ្គូស៊ីន ដែលជាមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner បានបញ្ជូនក្រុមទាហាន របស់ខ្លួនហែរក្បួនឆ្ពោះទៅទីក្រុងធំ ៗ របស់រុស្ស៊ី ជាមួយនឹងគោលដៅ ដែលបានដាក់ចេញ នោះគឺការដកឧត្តមសេនីយ៍ជាច្រើន ដែលគាត់បានចោទប្រកាន់ពីបទក្បត់ ហើយក៏មានយន្តហោះយោធាជាច្រើន ត្រូវបានបាញ់ទម្លាក់ក្នុងអំឡុងពេលបះបោរ។

យ៉ាងណាក៏ដោយ ការបះបោរបានបញ្ចប់នៅថ្ងៃ បន្ទាប់តាមរយៈការសម្រុះសម្រួល របស់ប្រធានាធិបតីបេឡារុស្ស គឺលោក អាឡិកសេនឌ័រ លូកាសសិនកូ (Alexander Lukashenko) ។ លោក ព្រីហ្គូស៊ីន បានពន្យល់ពីការសម្រេចចិត្តដកកងកម្លាំងវិញនោះថា ជាបំណងប្រាថ្នាដើម្បីជៀស វាងការបង្ហូរឈាមដ៏ធំ ។ លោកពូទីនបាននិយាយថា អាជ្ញាធរនឹងមិនកាត់ទោសលោក ព្រីហ្គូស៊ីន ឬកងទ័ពរបស់គាត់នោះទេ ហើយបានអញ្ជើញអ្នកប្រយុទ្ធ Wagner ឱ្យចូលរួមយោធារុស្ស៊ីថែមទទៀត ។ ជាជម្រើស ពួកគេនឹងត្រូវបានអនុញ្ញាត ឱ្យចាកចេញពីសេវាកម្មសកម្ម ឬ ក៏ទៅតាមលោក ព្រីហ្គូស៊ីន ទៅកាន់ប្រទេសបេឡារុស្ស ដែលបានយល់ព្រមធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំរូបនេះ ៕

To Top