ព័ត៌មានអន្តរជាតិ

លោក Macron ស្នើសុំបង្កើតច្បាប់ ដាក់ពិន័យយុវជនចូលរួមកុបកម្ម

AFP

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសលោកបានដាក់ ពាក្យស្នើសុំបង្កើតច្បាប់ថ្មីមួយ ដែលអាចដាក់ពិន័យចំពោះពលរដ្ឋជាយុវជន ក្នុងការចូលរួមរាល់កុបកម្មនានា និងជាពិសេសកុបកម្មដែលកំពុងបន្តកើនឡើងខ្លាំង នៅក្នុងប្រទេសពេលនេះ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា សកម្មភាពធ្វើបាតុកម្មដោយហិង្សា បានបន្តកើតឡើងនៅក្នុងប្រទេសបារាំង អស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយក៏វាបានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់បារាំងនោះដែរ។

គិតត្រឹមថ្ងៃសុក្រកន្លងមក ពលរដ្ឋបារាំងដែលត្រូវបានចាប់ឃាត់ខ្លួន ពីបាតុកម្មដោយហិង្សាទូទាំង ប្រទេសបានកើនឡើងទៅដល់ ៤០០០នាក់ ដោយសារតែព្រឹត្តិការណ៍បាញ់សម្លាប់យុវជនអាយុ ១៧ឆ្នាំម្នាក់ ដោយប៉ូលីសបារាំងកាលពីសប្តាហ៍មុន។

នៅក្នុងនោះគេសង្កេតឃើញថា ពលរដ្ឋដែលមានវ័យ មិនទាន់គ្រប់អាយុដល់ទៅ ១២០០នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួននេះបើយោងតាម ការបញ្ជាក់ដោយក្រសួងយុត្តិធម៍។

ថ្លែងទៅកាន់ក្រុមប៉ូលីសក្នុងទីក្រុងប៉ារីសលោក Macron បានលើកឡើងថា៖ ពួកយើងត្រូវតែស្វែងរកវិធី ក្នុងការទប់ស្កាត់សកម្មភាព របស់ក្រុមពលរដ្ឋវ័យក្មេង ដែលចូលរួមក្នុងកុបកម្មតាមរយៈការដាក់ទណ្ឌកម្ម ទៅលើហិរញ្ញវត្ថុរបស់ក្រុមគ្រួសាររបស់ពួកគេ ឬដាក់សំពាធដល់ឪពុកម្តាយរបស់ពួកគេ ដើម្បីទទួលខុសត្រូវលើការរក្សាកូនៗ របស់ពួកគេឲ្យនៅក្នុងផ្ទះជាជាងចេញក្រៅ ក្នុងអំឡុងពេលបាតុកម្មបែបនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top