ព័ត៌មានអន្តរជាតិ

ចិន និងរុស្ស៊ី គូសបញ្ជាក់ពីការ​ឯកភាព​គ្នា ដើម្បីស្វែងរក​ទំនាក់ទំនង​ សន្តិសុខ​ក្នុង​កិច្ចប្រជុំ ​កំពូល​ថ្នាក់​តំបន់

ប្រភព ៖ AFP

ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំកំពូល តាមប្រព័ន្ធ អ៊ីនធឺណិត កាលពីថ្ងៃអង្គារ បានបញ្ជាក់ឡើងវិញ នូវការរួបរួម នៃអង្គការក្នុងតំបន់ ក្រោមការដឹកនាំ របស់ពួកគេ និងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ កាន់តែខ្លាំងឡើង ក្នុងចំណោមសមាជិក ដោយមេដឹកនាំ របស់ពួកគេ បានសម្តែងការរិះគន់ ចំពោះទណ្ឌកម្មរបស់លោកខាងលិច។

នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលដឹកនាំដោយប្រទេសឥណ្ឌា ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា សមាជិកគួរតែ “បង្កើនការទំនាក់ទំនងជាយុទ្ធសាស្ត្រ” និង “រក្សាការរួបរួម និងការសម្របសម្រួល ដើម្បីនាំមកនូវភាពប្រាកដប្រជា និងថាមពលវិជ្ជមានដល់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក” នេះបើយោងតាមក្រសួងការបរទេសចិន។ ​

ជាមួយនឹងការផ្លាស់ប្តូរដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងចិត្ត លោក ស៊ី បានសម្តែងការប្រឆាំងរបស់ទីក្រុងប៉េកាំង ចំពោះ “ការការពារនិយម ការដាក់ទណ្ឌកម្មឯកតោភាគី និងការពង្រីកសន្តិសុខជាតិ” ក៏ដូចជាការបដិសេធរបស់ខ្លួន ចំពោះ “ការកាត់ផ្តាច់ និងផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់”។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចូលរួមសន្និសីទអន្តរជាតិជាលើកដំបូង ចាប់តាំងពីការបះបោរយោធាដោយក្រុមទាហានស៊ីឈ្នួល Wagner កាលពីចុងខែមុន បានថ្លែងអំណរគុណដល់មេដឹកនាំ SCO ផ្សេងទៀត សម្រាប់ការគាំទ្រ “សកម្មភាពរបស់ថ្នាក់ដឹកនាំរុស្ស៊ី ក្នុងគោលបំណងការពាររចនាសម្ព័ន្ធរដ្ឋធម្មនុញ្ញ និងអាយុជីវិត និងសុវត្ថិភាពរបស់ពលរដ្ឋ​ “។

លោក​ ពូទីន ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីដែលចុះផ្សាយថា “សង្រ្គាមកូនកាត់” បានធ្វើប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញការឈ្លានពានអ៊ុយក្រែន ដោយបន្ថែមថាវាពាក់ព័ន្ធនឹង “ទណ្ឌកម្មខុសច្បាប់លើប្រទេសរុស្ស៊ី ដែលមិនធ្លាប់មានពីមុនមក” ។

លោក ពូទីន បានឲ្យដឹងតាមសេចក្តីរាយការណ៍ថា “រុស្ស៊ី បាននិងកំពុងបន្តដោយទំនុកចិត្តក្នុងការប្រឆាំងនឹងសម្ពាធខាងក្រៅ ការដាក់ទណ្ឌកម្ម និងការញុះញង់បង្កហេតុ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

SCO រួមមាន ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន និង រដ្ឋអាស៊ីកណ្តាល កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន ។ នៅក្នុងនោះដែរនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា មូឌី បានឲ្យដឹងថា អ៊ីរ៉ង់ នឹងចូលរួមជាមួយ “គ្រួសារ SCO ក្នុងនាមជាសមាជិកថ្មីរបស់ខ្លួន” ហើយថាស្ថាប័នក្នុងតំបន់ក៏ស្វាគមន៍ ចំពោះការចុះហត្ថលេខាលើអនុស្សរណៈ សម្រាប់បេឡារុស្សដើម្បីចូលរួមក្នុងអង្គការនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top