ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យអ្នកលេង TikTok យកឈ្មោះសម្តេចបង្កើតគណនីខ្លួន ត្រូវលុបចេញជាបន្ទាន់នៅថ្ងៃនេះ

រូបភាប៖ តេឡេក្រាមសម្តេចតេជោ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឲ្យអ្នកយកឈ្មោះសម្តេចទៅបង្កើតគណនីលេង TikTok (តិកតុក) ត្រូវលុបចេញជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ ដើម្បីកុំឲ្យយល់ច្រឡំ ។

ការលើកឡើងរបស់សម្តេចនេះ ក្រោយសម្តេចបានឃើញមានក្រុមអ្នកលេងបណ្តាញតិកតុក បានបង្កើតដាក់ឈ្មោះនិងរូបភាពសម្តេចជាច្រើនគណនេយ្យ ។

ការបង្កើតច្រើនគណនេយ្យនេះ សម្តេចព្រួយបារម្មណ៍ខ្លាចមានអ្នកភ័ន្តច្រឡំណាមួយ ដោយសារច្រើនអាខោនពេក មិនដឹងណាមួយពិតជារបស់សម្តេច។

យោងតាមសារសំឡេងរបស់សម្តេចតេជោតាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃ៧ កក្កដា សម្តេចបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា លើនេះ(អ្នកលេងតិកតុក)គឺជាគណនេយ្យដែលតិកតុកដែលយកឈ្មោះខ្ញុំទៅប្រើ។ ខ្ញុំស្នើសុំឲ្យមានការបញ្ឈប់លុបចោលទាំងស្រុង នូវគណនេយ្យដែលយកឈ្មោះខ្ញុំទៅប្រើនេះ»។

សម្តេចបន្តថា ការយកឈ្មោះសម្តេច ទៅប្រើនឹងនាំឲ្យមានការភ័ន្តច្រឡំមួយយ៉ាងធំ ដូច្នេះសម្តេច បានឲ្យជំនួយផ្ទាល់ធ្វើការជាបន្ទាន់ជាមួយក្រុមហ៊ុន តិកតុក ធ្វើយ៉ាងណាត្រូវលុបចោលជាបន្ទាន់។

ជាមួយគ្នានេះ សម្តេចក៏បានព្រមានថា បើសិនអ្នកណាមិនលុបគណនេយ្យតិកតុកមានឈ្មោះសម្តេចនោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនអាចលើកលែង ព្រោះអាចនឹងមានការយល់ខុស នៅពេលបង្ហោះសារឬបង្ហោះរូបភាពចេញទៅតាមរយៈគណនេយ្យដែលប្រើឈ្មោះសម្តេច។

សម្តេចគូសបញ្ជាក់ថា «ដូច្នេះឥឡូវនេះខ្ញុំចេញមកប្រើប្រាស់របស់ខ្ញុំផ្ទាល់ គឺខ្ញុំនឹងបង្ហោះខ្លួនឯង ឬជំនួយការរបស់ខ្ញុំចូលបង្ហោះ ប៉ុន្តែភាគច្រើនខ្ញុំបង្ហោះខ្លួនឯងតាមរយៈសារខ្លីៗ ឬរូបភាពខ្លីៗ ទៅតាមចិត្តចង់របស់ខ្ញុំ ព្រោះគ្មានអ្នកណាមកត្រួតត្រា និងតាមដានលើរឿងរ៉ាវរបស់ខ្ញុំដូចកាលពីពេលមុនទេទៀតទេ»។ ន័យរបស់សម្តេចថា មានអ្នកមកត្រួតត្រាគឺចង់សំដៅលើអាខោនហ្វេសប៊ុកសម្តេច ដែលសម្តេចបានប្រកាសឈប់ប្រើ។

បើទោះបីជាសម្តេចបញ្ជាឲ្យលុបតិតតុកចំពោះអ្នកបង្កើតដាក់ឈ្មោះសម្តេចនោះ ក៏សម្តេចថា ពួកគេមិនមានបំណងអាក្រក់ណាមួយនោះទេ ផ្ទុយទៅវិញស្រឡាញ់សម្តេចទើបយកឈ្មោះសម្តេចទៅប្រើ។

សម្តេចតេជោគូសបញ្ជាក់ទៀតថា «ខ្ញុំគិតថាបងប្អូនមិនមានបំណងអាក្រក់លើខ្ញុំទេ បានយកឈ្មោះខ្ញុំទៅប្រើលើគណនេយ្យរបស់ខ្លួន អីចឹងសូមបងប្អូនយកចិត្តទុកដាក់លុបចោលជាបន្ទាន់ហើយធ្វើនៅក្នុងថ្ងៃនេះជាបន្ទាន់ ដោយមិនរងចាំថ្ងៃណាទេ បងប្អូនដែលមិនអាចដូរឈ្មោះបានត្រូវលុបចោល បងប្អូនដែលមិនចង់លុបត្រូវដូរឈ្មោះចេញសូម្បីឈ្មោះសម្តេចហ៊ុន សែនហ្វ្រែនក៏ត្រូវលុបចោលដែរ»។

សម្តេចតេជោក៏បានលើកឡើងថា ការបង្កើតគណនេយ្យតិកតុករាប់សិបគណនេយ្យអីចឹង មិនអាចទទួលយកបានទេដែលបង្កើតឲ្យមានបញ្ហា និងភ័ន្តច្រឡំ ក្នុងចំណោមអ្នកប្រើប្រាស់តិកតុកដូចគ្នាទៅវិញទេ ៕

To Top