ប៉េកាំង ៖ ប្រទេសចិន បានឃើញការកើនឡើង គួរឱ្យកត់សម្គាល់ នៃទំហំសេដ្ឋកិច្ចឌីជីថល របស់ខ្លួនក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ចំពេលមានការរីកចម្រើន យ៉ាងឆាប់រហ័សនៃ សេដ្ឋកិច្ចឌីជីថលពិភពលោក ។
យោងតាមរបាយការណ៍ស្រាវជ្រាវ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធនៅឯវេទិកាសំខាន់ នៃសន្និសិទសេដ្ឋកិច្ចឌីជីថលសកល ដែលកំពុងបន្តឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២២ ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន បានកើនឡើងចំនួន ៤,១ពាន់ពាន់លានដុល្លារ អាមេរិក ជាមួយនឹងអត្រា កំណើនប្រចាំឆ្នាំ ១៤,២ភាគរយ ។
ទំហំសេដ្ឋកិច្ចឌីជីថល របស់ប្រទេសចិន បានកើនឡើងដល់ ៥០,២ ពាន់ពាន់លានយន់ (ប្រហែល ៦,៩៦ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២២។ ចំណែកនៃសេដ្ឋកិច្ចឌីជីថល នៅក្នុង GDP របស់ប្រទេសបានកើនឡើងដល់ ៤១,៥ភាគរយ ដែលធ្វើឱ្យវាក្លាយជាក្បាល ម៉ាស៊ីនដ៏សំខាន់ សម្រាប់កំណើនស្ថិរភាព និងការផ្លាស់ប្តូរ ។
បច្ចុប្បន្ននេះ ប្រទេសនានាជុំវិញ ពិភពលោក កំពុងពន្លឿនការអភិវឌ្ឍន៍ផ្នែកសំខាន់ៗ នៃសេដ្ឋកិច្ចឌីជីថល ហើយកំពុងចាប់យកឱកាស អភិវឌ្ឍន៍យ៉ាងសកម្មក្នុងវិស័យដូចជា បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្ម ឌីជីថលនីយកម្ម ឧស្សាហកម្ម និងធាតុទិន្នន័យ។
ជាឧទាហរណ៍ នៅខែមីនា ឆ្នាំ២០២៣ ប្រតិបត្តិករបណ្តាញ ២៥៦ នៅក្នុងប្រទេស និងតំបន់ចំនួន ៩៥ បានធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា 5G ជាមួយនឹងអ្នកប្រើប្រាស់ ១,១៥ពាន់លាន 5G នៅទូទាំងពិភពលោក និងអត្រាគ្របដណ្តប់ចំនួនប្រជាជន ៣០,៦ ភាគរយនៃបណ្តាញ 5G កើនឡើង ៥,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
នៅឆ្នាំ២០២២ ប្រាក់ចំណូល នៃទីផ្សារបញ្ញាសិប្បនិម្មិតពិភពលោក បានកើនឡើងដល់ ៤៥០ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ចំនួននៃសហគ្រាស unicorn សេដ្ឋកិច្ចឌីជីថលសកលបានឈានដល់ ១០៣២ ដែលស្មើនឹង ៧៤,១៤ ភាគរយនៃសហគ្រាស unicorn ពិភពលោក ជាមួយនឹងតម្លៃប៉ាន់ស្មាន ២៤,៩៥ពាន់ពាន់លានយន់។
លោក Mei Hong ដែលជាអ្នកសិក្សានៅបណ្ឌិត្យសភា វិទ្យាសាស្ត្រចិន បានឲ្យដឹងថា ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសចិន កំពុងរីកចម្រើនពី វិស័យប្រើប្រាស់ និងសេវាកម្មទៅវិស័យផលិតកម្ម នៅក្នុងសេដ្ឋកិច្ចជាក់ស្តែង។
ទិន្នន័យបង្ហាញថា ក្នុងឆ្នាំ២០២២ ប្រាក់ចំណូលប្រតិបត្តិការ នៃឧស្សាហកម្មផលិតព័ត៌មានអេឡិចត្រូនិក របស់ចិនមានចំនួន ១៥,៤ ពាន់ពាន់លានយន់ ខណៈដែលអាជីវកម្មសូហ្វវែររកបាន ១០,៨ ពាន់ពាន់លានយន់ ហើយឧស្សាហកម្មទិន្នន័យធំរកបាន ១,៥៧ពាន់ពាន់លានយន់ ដោយដាក់មូលដ្ឋាន គ្រឹះឧស្សាហកម្ម និងបច្ចេកវិទ្យាដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នា នៃការផ្តល់ព័ត៌មាន និងឧស្សាហូបនីយកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា
