ភ្នំពេញ ៖ ប្រធានគណបក្សខ្មែរ តែមួយ លោក គុជ លីដែលបានដាក់ពាក្យ ចូលរួមប្រកួតប្រជែង ដណ្តើម សន្លឹកឆ្នោត ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ជាមួយគណបក្សនយោបាយ ១៧ផ្សេងទៀត បានអះអាងយ៉ាងច្បាស់ៗថា នៅពេលគណបក្សជាប់ឆ្នោត ដឹកនាំរាជរដ្ឋាភិបាលនឹងបង្កើត “សភាកសិករ” ក្នុងមួយឃុំ ចំនួនមួយ ដើម្បីកំណត់តម្លៃស្រូវ និងផលិតផលក សិកម្មផ្សេងៗទៀត ។ អ្វីកាន់តែពិសេស គឺបង្រៀនឲ្យប្រជាពលរដ្ឋខ្មែរចេះដាំជីនិងស្លឹកគ្រៃជាដើម ដើម្បីកាត់បន្ថយការនាំចូល និងបន្ថយគីមីដោយសារ ដាំនៅផ្ទះរាងៗ ខ្លួនជាបន្លែធម្មជាតិ ។
ក្នុងកិច្ចសម្ភាសន៍ពិសេស ជាមួយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក គុជ លី បានថ្លែងថា “យើងបង្កើតសភាកសិករ គឺដើម្បីជម្រុញទឹកចិត្ត ឲ្យប្រជាពលរដ្ឋភូមិមួយ សឹងតែមួយផ្ទះឲ្យចេះដាំជី-ស្លឹកគ្រៃ កុំឲ្យទៅទិញនៅបរទេស ។ យើងមិនអាចបិទ ផលិតផលបរទេសបានទេ ព្រោះយើជាទីផ្សារសេរីក្នុងតំបន់អាស៊ាន ប៉ុន្តែយើងលើកទឹកចិត្តពលរដ្ឋ យើងដាំអ្វីផ្សេងៗដូចជា ជីនិងស្លឹកគ្រៃជាដើម ដើម្បីហូបខ្លួនគាត់ កាត់បន្ថយការចំណាយក្នុងជីវភាព គ្រួសាររបស់ពួកគាត់ដែរ” ។
ជាមួយគ្នានេះដែរ ក្នុងគោលនយោបាយមួយទៀត នឹងធ្វើច្បាប់ដើម្បីកំណត់ភូមិសាស្រ្ត “ការពារដីស្រែ” របស់ប្រជាពលរដ្ឋនៅតាមខេត្តជាប់ព្រំដែន ។ ក្នុងនោះអ្វីដែលលោកគូស សង្កត់ធ្ងន់ ធ្វើជាគោលដៅក្នុងចំណោមគោលនយោបាយទាំង៨ចំណុច ដែលបក្សផ្សេងគ្មាន ហើយបក្សលោកបង្កើតថ្មី ស្រឡាងគឺថា នឹងធ្វើរបងបន្ថែមទៅលើបង្គោលព្រំដែន ដែលមានស្រាប់ដើម្បីការពារព្រំដែន ពីការឈ្លានពានពីប្រទេសក្បែរខាង ។
ការធ្វើរបងការពារព្រំដែន ដែលមេបក្សរូបនេះធ្លាប់បានចូលរួមប្រកួត កាលពីអាណត្តិទី៦ ហើយបន្តមកអាណត្តិទី៧នេះ លោកថា នឹងធ្វើឲ្យដូចប្រទេសចិន ដែលបានធ្វើរបងការពារបន្ថែមលើព្រំដែន ជាមួយប្រទេសវៀតណាម ។
បើតាមលោកដដែលច្បាប់ “ការពារដីស្រែ” នេះ ក៏មានបំណងហាមឃាត់ម្ចាស់បុរីនានា ធ្វើអាជីវកម្មទិញដីស្រែ បង្កើតផ្ទះល្វែងច្រើនលើសលប់ អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់អាជីវភាពប្រជាកសិករ គ្មានដីស្រែទៅថ្ងៃអនាគត ។
សម្រាប់គោលនយោបាយ បានដាក់ចេញ លោកបង្ហាញក្តីសង្ឃឹមថា នឹងឈ្នះការបោះឆ្នោត ហើយមានអសនៈក្នុងរដ្ឋសភា ។ អាណត្តិនេះ លោកថា បក្សលោកនិងបក្សផ្សេងទៀត នឹងដឹកដៃគ្នាទៅបើកទ្វាររដ្ឋសភាហើយ ៕