ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត និងបារាំង ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ​ពង្រឹងកិច្ចសហប្រតិបត្តិការថាមពល

AFP

រីយ៉ាដ៖ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) បានរាយការណ៍​ថា អារ៉ាប៊ីសាអូឌីត និងបារាំង បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ដោយផ្តោតលើថាមពលស្អាត ដែលកើតចេញពីធនធានកកើតឡើងវិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយដោយ SPA បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីថាមពល អារ៉ាប៊ីសាអូឌីតលោក Abdulaziz bin Salman និងសមភាគីបារាំង ដែលកំពុងបំពេញ ទស្សនកិច្ចរបស់លោក គឺលោក Agnes Pannier-Runacher ក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃសៅរ៍ ប្រទេសទាំងពីរ បានទទួលស្គាល់ថា ថាមពល គឺជា “សសរស្តម្ភសំខាន់” នៃភាពជាដៃគូរយៈពេលវែងរបស់ពួកគេ។ ​

អារ៉ាប៊ីសាអូឌីត និងបារាំង បានព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការផលិតអ៊ីដ្រូសែន និងអគ្គិសនីពីធនធានកកើតឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសទាំងពីរទទួលស្គាល់ថា អ៊ីដ្រូសែនស្អាត គឺជាឥន្ធនៈសំខាន់ ដើម្បីឈានទៅដល់គោលដៅរួម របស់ពួកគេក្នុងការលើកកម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ខណៈពេលដែលកាត់បន្ថយផល ប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ពួកគេក៏បានយល់ព្រមធ្វើការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាព ថាមពល និងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្នុងវិស័យថាមពលនុយក្លេអ៊ែរនៅក្នុង “ក្របខ័ណ្ឌសន្តិភាព និងសុវត្ថិភាព” ការគ្រប់គ្រងកាកសំណល់វិទ្យុសកម្ម និងកម្មវិធីនុយក្លេអ៊ែរ។

លើសពីនេះទៀត ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ក្នុងការចាប់ដៃគ្នាក្នុងការស្វែងរក ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីផលិតអ៊ីដ្រូសែន “តាមរបៀបដែលមានប្រសិទ្ធភាព និងប្រកួតប្រជែងបំផុត” និងដើម្បីលើកកម្ពស់ការប្រើប្រាស់ របស់វានៅក្នុងឧស្សាហកម្ម ការផលិតថាមពល អគារ និងវិស័យផ្សេងៗទៀត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top