ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល​ណាតូ ផ្ដោតសំខាន់លើកិច្ចពិភាក្សា អំពីបញ្ហាអ៊ុយក្រែន និងទំនាក់ទំនង ជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិក

រូបភាព៖ Kyodo

លីទុយអានី៖ បណ្ដាមេដឹកនាំ របស់អង្គការណាតូ នឹងប្រមូលផ្តុំគ្នា នៅថ្ងៃអង្គារនេះ សម្រាប់កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ដើម្បីពិភាក្សាអំពីការគាំទ្របន្ថែម សម្រាប់អ៊ុយក្រែន ខណៈដែលខ្លួនដាក់សម្ពាធលើការវាយលុកប្រឆាំងនឹង ការកាន់កាប់កងកម្លាំងរុស្ស៊ី។

កិច្ចប្រជុំកំពូលនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី ធ្វើឡើងនៅពេលដែលអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង ពង្រីកសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួនទៅកាន់ប្រទេស Nordic និងជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិក។

នៅពេលដែលសង្រ្គាម ដែលបានចាប់ផ្តើមដោយរុស្ស៊ីជាង ៥០០ ថ្ងៃមុន បានអូសបន្លាយ ហើយសមាជិកណាតូ បន្តផ្តល់ផ្នែករឹងយោធាដល់អ៊ុយក្រែន អគ្គលេខាធិការណាតូលោក Jens Stoltenberg បានឲ្យដឹងថា នេះគឺជាពេលវេលាកំណត់មួយ ដើម្បីបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិក ដែលមានសមាជិក ៣១ និងបង្ហាញពីការរួបរួមមួយនាពេលខាងមុខ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ហាញថា “ការឈ្លានពានរបស់រុស្ស៊ី នឹងមិនបង់ប្រាក់” ប្រធានណាតូ រូបនេះបានលើកឡើងថា បណ្ដាមេដឹកនាំនឹងជជែកគ្នាអំពីវិធី ដើម្បីធ្វើឱ្យអ៊ុយក្រែន កាន់តែរឹងមាំ និងបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់អនាគតរបស់ប្រទេសនេះ។

ក្នុងចំណោមគោលដៅរបស់ខ្លួន សម្រាប់កិច្ចប្រជុំកំពូល គឺសម្រាប់អង្គការណាតូ ដើម្បីអនុម័តការកែសម្រួលផែនការការពារដ៏សំខាន់ ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីសង្គ្រាមត្រជាក់ ធ្វើឱ្យទំនាក់ទំនងនយោបាយរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយអ៊ុយក្រែន ដោយបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ និងធានាការអះអាងឡើងវិញថា មេដឹកនាំក្រុមទាំងអស់ នឹងគាំទ្រប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះក្នុងការ ចូលរួមជាមួយសម្ព័ន្ធភាពនាពេលខាងមុខ។

មេដឹកនាំក៏នឹងប្រមូលផ្តុំមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានយល់ព្រមគាំទ្រការដេញថ្លៃរបស់ស៊ុយអែត ដើម្បីក្លាយជាសមាជិកទី៣២ របស់ណាតូ បន្ទាប់ពីហ្វាំងឡង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

បញ្ហានេះបានស្ថិតក្នុងភាពជាប់គាំងតាំងពីឆ្នាំមុន ដែលភាគច្រើនដោយសារតែការបដិសេធរបស់តួកគី ក្នុងការផ្តល់សច្ចាប័នដល់សមាជិកភាពរបស់ប្រទេសស៊ុយអែត ក្នុងសម្ព័ន្ធភាព ដូចដែលខ្លួនបានទាមទារឱ្យទីក្រុងស្ដុកហូម ធ្វើការបន្ថែមទៀត ដើម្បីបង្ក្រាបក្រុមជនជាតិឃឺដ ដែលត្រូវបានចាត់ទុកដោយទីក្រុងអង់ការ៉ាថា ជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ដែលថ្មីៗនេះបានទៅទស្សនាសមាជិកណាតូ ភាគខាងកើតមួយចំនួន ដើម្បីផ្ដល់ការគាំទ្រ សម្រាប់សមាជិកភាពរបស់ប្រទេសនោះ គ្រោងនឹងចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សានៅថ្ងៃពុធស្អែកនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top