ព័ត៌មានអន្តរជាតិ

បេសកជន​ចិន ​ជំរុញ​ឲ្យ​មាន​ការ​គោរព ​ចំពោះ​អធិបតេយ្យភាព​របស់​ស៊ីរី ខណៈ​កំពុង​ផ្តល់​ជំនួយ

រូបភាពពី៖​ XINHUA

ប៉េកាំង៖ បេសកជនចិន បានឲ្យដឹងថា ជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរី គួរតែត្រូវបានផ្តល់តាមរបៀបមួយ ដែលគោរពអធិបតេយ្យភាពរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការអនុញ្ញាត នៃការផ្តល់ជំនួយឆ្លងព្រំដែនទៅកាន់ប្រទេសស៊ីរី បានផុតកំណត់កាលពីថ្ងៃចន្ទ ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យកាលពីថ្ងៃអង្គារក្នុងការអនុម័ត សេចក្តីព្រាងដំណោះស្រាយណាមួយក្នុងចំណោមពីរ ដែលនឹងធ្វើឱ្យយន្តការនេះបន្ត។

រុស្ស៊ី​បាន​វេតូ​លើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ដែល​ដាក់​ដោយ​ប្រេស៊ីល និង​ស្វីស ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អនុញ្ញាត​ឡើងវិញ​រយៈពេល ៩ ខែ។
សេចក្តីព្រាងសេចក្តីសម្រេចរបស់រុស្ស៊ី ដែលនឹងបន្តយន្តការរយៈពេល ៦ខែនោះ បានបរាជ័យក្នុងការទទួលបានចំនួនសន្លឹកឆ្នោត ដែលត្រូវការសម្រាប់ការអនុម័ត។

នៅក្នុងការពន្យល់អំពីការបោះឆ្នោត លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចិន មានការសោកស្តាយ ចំពោះការបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការឈានដល់ការឯកភាពគ្នាលើបញ្ហាដ៏សំខាន់នេះ។

លោក​បាន​បន្ត​ថា “​ជំហរ​របស់​ចិន​លើ​បញ្ហា​មនុស្សធម៌​នៅ​ស៊ីរី​បាន​ជាប់​លាប់​និង​ច្បាស់​លាស់ យើងទាំងអស់គ្នាបានរក្សាថា ជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរី គួរតែត្រូវបានផ្តល់ជូនក្នុងរបៀបមួយ ដែលគោរពអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងកម្មសិទ្ធិរបស់រដ្ឋាភិបាលស៊ីរី”។

ជំនួយ​សង្គ្រោះ​ឆ្លង​កាត់​គួរតែ​ក្លាយ​ជា​ទម្រង់​ចម្បង ​សម្រាប់​ជំនួយ​មនុស្សធម៌​ដល់​ស៊ីរី។ លោកបានលើកឡើងថា យន្តការផ្តល់ជំនួយឆ្លងកាត់ព្រំដែន គឺជាការរៀបចំបណ្តោះអាសន្ន ដែលធ្វើឡើងក្នុងកាលៈទេសៈជាក់លាក់ ហើយចាំបាច់ត្រូវពន្លឿនការផ្លាស់ប្តូរទៅរកជំនួយឆ្លងព្រំដែន និងដើម្បីបញ្ចប់យន្តការឆ្លងព្រំដែនតាមពេលវេលារហូតដល់គោលដៅចុងក្រោយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top