បាងកក៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (EC) បានសម្រេចបញ្ជូនសំណុំរឿងដកសិទ្ធិរបស់បេក្ខជន នាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ទៅតុលាការធម្មនុញ្ញ ដើម្បីពិចារណា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពពី EC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានភស្តុតាង ដែលបង្ហាញថា មេដឹកនាំគណបក្ស Move Forward លោក Pita មានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ នៅពេលចុះឈ្មោះបេក្ខជនបោះឆ្នោតរបស់លោក សម្រាប់ការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ដែលបំពានរដ្ឋធម្មនុញ្ញថៃ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា EC បានស្នើឱ្យតុលាការបញ្ជាឱ្យលោក Pita បញ្ឈប់ការបំពេញតួនាទីជាសមាជិកសភាជាបន្ទាន់ រហូតដល់តុលាការចេញសេចក្តីសម្រេចចុងក្រោយ។
ក្រោយមក គណបក្សផ្លាស់ទីទៅមុខ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានចោទសួរអំពីការផ្លាស់ប្តូរនេះ ដោយលើកឡើងថា EC កំពុងប្រញាប់ប្រញាល់បញ្ជូនបន្ត ដើម្បីស្វែងរកការសម្រេចរបស់តុលាការលើករណីរបស់លោក Pita ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា យោងតាមច្បាប់បោះឆ្នោតលោក Pita គួរតែមានឱកាសឆ្លើយតប និងបដិសេធការចោទប្រកាន់នេះ មុនពេលការបញ្ជូនបន្ត។ ការសម្រេចចិត្តរបស់ EC ធ្វើឡើងមួយថ្ងៃមុនការប្រជុំរួមគ្នានៃសភាទ្វេភាគី ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេស។
លោក Pita គ្រោងនឹងប្រកួតប្រជែងការបោះឆ្នោត ដែលគណបក្សចំនួន៨ នៅក្នុងសម្ព័ន្ធ ដែលដឹកនាំដោយគណបក្សឆ្ពោះទៅមុខបានតែងតាំងលោក៕ ប្រែសម្រួល ឈូក បូរ៉ា