បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់អង្គការណាតូថា មិនបានបង្ហាញ “ការគោរព” គ្រប់គ្រាន់ ខណៈដែលលោកបានរិះគន់ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ ថាមិនមានឆន្ទៈក្នុងការផ្តល់សមាជិកភាពជាបន្ទាន់ដល់ទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ហ្សេលេនស្គី បានបើកការវាយប្រហារនេះកាលពីថ្ងៃអង្គារនៅពេលដែលអង្គការណាតូបានចាប់ផ្តើមកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុង វីលនើស ប្រទេសលីទុយអានី។ ប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងពី “សញ្ញា” ដែលលោកបានទទួលដែលបង្ហាញថា ទីក្រុងគៀវនឹងមិនត្រូវបានផ្តល់ការអញ្ជើញប្រភេទណាមួយឱ្យចូលរួមក្នុងប្លុកនោះទេ។
លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងឲ្យតម្លៃដល់សម្ព័ន្ធមិត្តរបស់យើង, យើងឲ្យតម្លៃទៅលើសុវត្ថិភាពរួមរបស់យើង ហើយយើងតែងតែពេញចិត្តក្នុងការសន្ទនាបើកចំហ។ អ៊ុយក្រែននឹងត្រូវតំណាងនៅក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងវីលនើស ព្រោះវានិយាយអំពីការគោរព ប៉ុន្តែអ៊ុយក្រែនក៏សមនឹងទទួលបានការគោរពផងដែរ”
យោងតាមរបាយការណ៍ កំណែថ្មីបំផុតនៃសេចក្តីប្រកាសសេចក្តីព្រាងដោយអង្គការណាតូ ចែងថា ខ្លួន “នឹងស្ថិតក្នុងទីតាំងមួយដើម្បីពង្រីកការអញ្ជើញទៅកាន់អ៊ុយក្រែន នៅពេលដែលសម្ព័ន្ធមិត្តយល់ព្រម និងលក្ខខណ្ឌត្រូវបានបំពេញ” ។ ជំហរបែបនេះហាក់មិនអាចទទួលយកបានចំពោះក្រុងកៀវ ដែលបានចោទប្លុកនេះថា បានចូលដៃជាមួយរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា