ភ្នំពេញ ៖ នៅតែបញ្ជាក់ពីភាព ស្អាតស្អំ របស់ស្ថាប័នខ្លួនដដែលជាដដែល លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា គ.ជ.ប គ្មានទទួលឥទ្ធិពលពីបុគ្គល ឬគណបក្សនយោបាយ ណាមួយនោះទេ ។
ការអះអាងពីភាពស្អាតស្អំនេះ ស្របពេលការបោះឆ្នោតថ្នាក់ជាតិលើកទី៧ នៅបាំងតែ១០ថ្ងៃទៀតប៉ុណ្ណោះ ហើយគ.ជ.បកាលពីថ្ងៃ១១ កក្កដា បានចេញសេចក្តីប្រកាសព័ត៌មានថា អ្នកដែលណែនាំប្រជាពលរដ្ឋ គូសសន្លឹកឆ្នោតចោល ពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ។ ករណីនេះ ត្រូវវិទ្យុអាស៊ីសេរីដកស្រង់សំដី ក្រុមប្រឆាំងថា គ.ជ.ប ធ្វើតាមបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ។
ចំពោះការចោទប្រកាន់នេះ លោក ហង្ស ពុទ្ធា បានបដិសេធ ជារឿងមិនពិតនោះទេ ។ លោកបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៣ កក្កដា ថា “សូមជម្រាបថា គ.ជ.បមិនទទួលឥទ្ធិពល របស់បុគ្គលឬក៏គណបក្ស នយោបាយណានោះទេ ក្នុងការគ្រប់គ្រងចាត់ចែងការងារ រៀបចំការបោះឆ្នោត ។ ក្នុងនោះសមាសភាពគ.ជ.ប មកពីគ្រប់មជ្ឈដ្ឋាន និងសមាសភាពចម្រុះផងដែរ” ។
លោកបន្តថា មូលហេតុគ.ជ.ប ចេញសេចក្តីប្រកាសថា ពលរដ្ឋគូសសន្លឹកឆ្នោតចោល ពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់នោះ ដើម្បីទប់ស្កាត់រាល់អំពើបំផុសបំផុលទាំងឡាយ របស់ក្រុមប្រឆាំងដែលបានចេញយុទ្ធនាការ ឲ្យពលរដ្ឋទៅបោះឆ្នោត តែបំផ្លាញសន្លឹកឆ្នោត។ លោកថា ការបំផុសចលនាឲ្យពលរដ្ឋគូសសន្លឹកឆ្នោតនេះ ជាអំពើខុសច្បាប់ ហើយក៏នឹងអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរ ការបោះឆ្នោតដែរ ។
សូមបញ្ជាក់ថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ណែនាំពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឲ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន។
ចំណុចនេះ គ.ជ.ប បានលើកឡើងថា តាមមាត្រា ១៤២ ថ្មីនៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តចែងថា ត្រូវផាកពិន័យពី ៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោស ព្រហ្មទណ្ឌផ្សេងទៀត ៕