ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ចាប់ផ្តើមដឹកជញ្ជូនសម្ភារៈ សម្រាប់អង្គភាពថាមពលនុយក្លេអ៊ែរ ទៅកាន់ប្រទេសចិន

រូបភាពពី៖​ XINHUA

រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ថា សម្ភារៈសំខាន់ៗ សម្រាប់អង្គភាពថាមពលទី៣ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Xudapu ហៅកាត់ថា (NPP) ដែលជាគម្រោងសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយរបស់ប្រទេសចិន និងប្រទេសរុស្ស៊ី បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសចិន ដោយចេញពីទីក្រុង Volgodonsk នៅក្នុងតំបន់ Rostov របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ ។

គួរបញ្ជាក់ថា គ្រឿងបរិក្ខារទាំងនេះ រួមមាន កប៉ាល់ផ្ទុក ម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរ និងម៉ាស៊ីនចំហាយទឹកចំនួន៤គ្រឿង ដែលផលិតនៅរោងចក្រ Atommash នៅក្នុងទីក្រុង Volgodonsk។

រោងចក្រ Atommash គឺជាផ្នែកមួយរបស់ក្រុមហ៊ុន Atomenergomash ដែលជាក្រុមហ៊ុនផលិតឧបករណ៍សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ និងផ្នែក នៃសាជីវកម្មថាមពលអាតូមិករដ្ឋ Rosatom របស់ប្រទេសរុស្ស៊ី ។

លោក Igor Kotov អគ្គនាយកក្រុមហ៊ុន Atomergomash បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួនៅក្នុងពិធីនោះថា “ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មនុយក្លេអ៊ែរទាំងមូល ដោយឃើញមានការអភិវឌ្ឍន៍ល្អ ហើយដូចជាប្រទេសរុស្ស៊ី និងប្រទេសចិន គឺជាអ្នកដឹកនាំទាក់ទងនឹងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី” ។

លោក Kotov បានលើកឡើងទៀតថា “យើងពិតជារីករាយខ្លាំងណាស់នៅក្នុងការធ្វើការជាមួយដៃគូប្រទេសចិនរបស់យើង ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងមានឱកាសមួយផ្សេងទៀតដើម្បីផលិតឧបករណ៍ ដែលមានគុណភាពខ្ពស់រួមគ្នាជាមួយអតិថិជនចិន របស់យើងផងដែរ” ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top