ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា៖ អាស៊ាន-ជប៉ុន គួរបង្កើតកាលានុវត្តភាពធុរកិច្ចថ្មីៗ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា អាស៊ាន-ជប៉ុន គួរធ្វើកិច្ចការជាមួយគ្នា ដើម្បីអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងបង្កើតកាលានុវត្តភាពធុរកិច្ចថ្មីៗ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ជប៉ុន នាថ្ងៃទី១៣ កក្កដា បានអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងទន្ទឹងរង់ចាំការប្រកាសជាភាពជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន នៅកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនលើកទី២៦ នៅខែកញ្ញា ក៏ដូចជាការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ជប៉ុន នៅខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។

អាស៊ានបានស្វាគមន៍ការគាំទ្ររបស់ជប៉ុន ចំពោះ AOIP និងបានកោតសរសើរចំពោះការរួមចំណែករបស់ជប៉ុននូវថវិកាចំនួន ១០០លានដុល្លារ សម្រាប់ការបង្កើតមូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) ៣.០ ក្នុងខែមីនា ឆ្នាំ២០២៣ ដែលគាំទ្រដល់គំនិតផ្តួចផ្តើមជាក់ស្តែងក្រោម AOIP។

ក្នុងកិច្ចប្រជុំនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «អាស៊ាន និងជប៉ុន គួរធ្វើកិច្ចការជាមួយគ្នាដើម្បីអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងការបង្កើតកាលានុវត្តភាពធុរកិច្ចថ្មីៗ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល» ។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ចំនួនពីររបស់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) ដែលអាស៊ាននិងជប៉ុនគួរពិចារណាក្នុងការជំរុញទៅមុខ៖ (១) ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាកំពង់ផែ ផ្លូវដែក ថាមពល និង ICT និង (២) ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដ៏រឹងមាំ ដើម្បីប្រមូលធនធានដើម្បីបំពេញតម្រូវការរបស់អាស៊ាន ៕

To Top