ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក សាឡើមស កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងនាម ជាសហប្រធានជាមួយ លោកបណ្ឌិត សុបប្រាម៉ានយ៉ាម ចៃសាន (Dr. Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅ ទីក្រុងបាងកក ប្រទេសថៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៤ កក្កដា បានឲ្យដឹងថា កិច្ចប្រជុំនឹងពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានក្នុងវិស័យអាទិភាព នៃផែនការសកម្មភាព ឆ្នាំ២០១៩-២០២២ និងពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ឆ្ពោះទៅ រកការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ។
រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សា ព្រមទាំងអនុម័តលើសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១២ ជាមួយនឹងឯកសារភ្ជាប់បន្ថែមចំនួនពីរ គឺ ឯកសារទស្សនាទានស្តីពីយន្តការប្រទេសដឹកនាំវិស័យនីមួយៗ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គ និងស្តីពីក្រុមប្រឹក្សាធុរកិច្ចមេគង្គ-គង្គា៕