បរទេស៖ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ឧត្តមនាវីឯក Pokrong Monhatphalin បាននិយាយថា គណៈកម្មាធិការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើងដើម្បីស្វែងរកថា អ្នកណាលួចគ្រាប់កាំភ្លើងពីឃ្លាំងអាវុធរបស់កងទ័ពជើងទឹកក្នុងខេត្តឈុនបុរី។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមនាវីឯក Pokrong Monhatphalin បានបន្តថា គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងតាមបញ្ជារបស់មេបញ្ជាការកងទ័ពជើងទឹកលោកឧត្តមនាវីឯក Choengchai Chomchoengpaet។
ការអត្ថាធិប្បាយរបស់លោកធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយកាលពីថ្ងៃសៅរ៍នៃឯកសារលេចធ្លាយនៅលើទំព័រហ្វេសប៊ុកជាភាសាថៃ CSI LA ដែលត្រូវបានពិពណ៌នាថាជាកំណែដ៏អាក្រក់របស់វែបសាយ Wikileaks ។
លោក Pokrong បានថ្លែងថា អ្នកដែលទទួលខុសត្រូវចំពោះការលួចគ្រាប់ទាំងនោះ នឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្តថា បុគ្គលិកកងទ័ពជើងទឹកដែលសង្ស័យពីការលួចនេះ គឺកំពុងរត់គេចខ្លួន។
ឯកសារដែលបង្ហោះដោយ CSI LA បានឱ្យដឹងថា គ្រាប់កាំភ្លើងយន្តប្រភេទ M855 និង M856 រាប់ម៉ឺនគ្រាប់ ព្រមទាំងគ្រាប់បែកដៃ ៤០ មិល្លីម៉ែត្រ ប្រហែល១ពាន់គ្រាប់ ត្រូវបានលួចចេញពីឃ្លាំងអាវុធ។
ការលួចនេះត្រូវបានរាយការណ៍ទៅកងទ័ពជើងទឹក ដោយកងម៉ារីនថៃ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីសារពើភ័ណ្ឌប្រចាំឆ្នាំ នៃឃ្លាំងអាវុធរបស់កងទ័ពជើងទឹកនៃបញ្ជាការតំបន់កងទ័ពជើងទឹកទី១ (ផ្នែកអាវុធយុទ្ធភ័ណ្ឌនៃកងទ័ពជើងទឹកថៃ) ។ ការស៊ើបអង្កេតលម្អិតកំពុងដំណើរការ ដើម្បីកំណត់បរិមាណពិតប្រាកដ នៃគ្រាប់រំសេវដែលបាត់៕ ប្រែសម្រួលៈ ណៃ តុលា