ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា ឆ្មាំរបស់ទុយនេស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់ប្រទេសទុយនេស៊ី បានជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១០៨ នាក់ដែលមានសញ្ជាតិអាហ្រ្វិកផ្សេងៗគ្នា នៅឯឆ្នេរសមុទ្រនៃខេត្ត Sfax ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសទុយនេស៊ី ។
ឆ្មាំរបស់ទុយនេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ភ្នាក់ងាររបស់ពួកគេបានជួយសង្គ្រោះក្រុមជន អន្តោប្រវេសន៍ខុសច្បាប់កាលពីថ្ងៃសៅរ៍ចេញពីទូកដែលបានលិចចំនួន២គ្រឿង ។
ក្នុងពេលប្រតិបត្តិការជួយសង្គ្រោះនោះដែរ មានមនុស្សម្នាក់បានគំរាមភ្នាក់ងារថា នឹងកាប់ពួកគេ ខណៈម្នាក់ទៀតបនាចាក់សាំង៤ធុងនៅលើដំបូលទូកនោះ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីទុយនីស៊ី ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រថា លោក Kais Saied ប្រធានាធិបតីទុយនីស៊ី បានពណ៌នាអំពីអន្តោប្រវេសន៍ខុសច្បាប់ថា ជា “ដំណើរការផ្លាស់ទីលំនៅអមនុស្សធម៌ និងមិនធម្មតានោះទេ” ។
លោក Saied បានគូសបញ្ជាក់ពីវត្តមានរបស់ “បណ្តាញឧក្រិដ្ឋកម្ម” ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដែលប្រើប្រាស់ទុយនេស៊ី ជាចំណុចមួយសម្រាប់ការឆ្លងកាត់ ដែលបង្កការគំរាមកំហែងដល់ប្រទេសនៅអាហ្វ្រិកខាងជើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា