ព័ត៌មានអន្តរជាតិ

ក្រឡាប់រថយន្តដឹកអ្នកទេសចរចិន មានគ្នា២១នាក់ នៅវៀតណាម សេចក្តីរាយការណ៍បឋមថា ស្លាប់៤នាក់

Xinhus

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ថា អគ្គកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញ បានបញ្ជាក់ថា កាលពីថ្ងៃអង្គារ រថយន្ត១គ្រឿងដែលដឹកភ្ញៀវទេសចរចិន ចំនួន២១នាក់ បានក្រឡាប់នៅខេត្ត Khanh Hoa ភាគកណ្តាលរបស់ប្រទេសវៀតណាម បណ្តាលឲ្យភ្ញៀវទេសចររចិនចំនួន៤នាក់បានបាត់បង់ជីវិតភ្លាមៗ ។


រថយន្តនោះកំពុងរត់ពីទីក្រុង Da Lat ខេត្ត Lam Dong ឆ្ពោះទៅកាន់ទីក្រុង Nha Trang ខេត្ត Khanh Hoa នៅគ្រាានដែលរថយន្តបរមៀលធ្លាក់ពីលើភ្នំ Khanh Le នៅក្នុងទីក្រុង Khanh Hoa។

អ្នករងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅខេត្ត Khanh Hoa ហើយអ្នករបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យនៅជិតៗនោះ ។

បន្ទាប់ពីបានទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលបានដំណើរការយន្តការសង្គ្រោះបន្ទាន់ភ្លាមៗ ដោយបានសម្របសម្រួលជាមួយនាយកដ្ឋានកិច្ចការបរទេស និងសន្តិសុខសាធារណៈនៃខេត្ត Khanh Hoa ដើម្បីអនុវត្តសកម្មភាពជួយសង្គ្រោះ និងបានទាក់ទងទៅសហគ្រាសវិនិយោគចិន ដែលនៅជិតបំផុត ដើម្បីជួយសង្រ្គោះ និងព្យាបាលនៅកន្លែងកើតហេតុ និងនៅតាមមន្ទីរពេទ្យ ។

ប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានឲ្យដឹងថា ប៉ូលិសនៅក្នុងតំបន់បានបញ្ជាក់ថា ពួកគេនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀតលើអ្នកបើកបរជនជាតិវៀតណាមដែលបើករថយន្តនោះ ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ ថាតើ កើតឡើងដោយសារ អ្វីឲ្យប្រាកដ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top