ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​ប្តេជ្ញា​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ​ប្រឆាំង​អាមេរិក ​ចំពោះ​ការ​ធ្វើ​ឃាត​មេបញ្ជាការ​កំពូលរបស់ខ្លួន

រូបភាពពី៖​ XINHUA

តេអេរ៉ង់៖ អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Mohammad Dehqan បានឲ្យដឹងថា អ៊ីរ៉ង់ ប្តេជ្ញាបន្តចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងសហរដ្ឋអាមេរិក នៅក្នុងតុលាការអន្តរជាតិ សម្រាប់​ឧក្រិដ្ឋកម្មធំបំផុត របស់ខ្លួនក្នុងការធ្វើឃាតមេបញ្ជាការកំពូលអ៊ីរ៉ង់លោក Qassem Soleimani។

លោកបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយក្រុមអ្នកសិក្សាអ៊ីរ៉ាក់ និងអ្នកជំនាញផ្នែកច្បាប់មួយចំនួននៅក្នុងរដ្ឋធានី តេអេរ៉ង់ របស់អ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។

លោក Dehqan បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ រក្សាថា តុលាការណាមួយ ដែលបដិសេធមិនថ្កោលទោស ចំពោះការធ្វើឃាតរបស់សហរដ្ឋអាមេរិកលើលោក Soleimani “នឹងបាត់បង់សមត្ថភាពសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន” ។

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ យោធាអាមេរិក បានធ្វើឃាតលោក Soleimani និងមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ Hashd Shaabi របស់កងកម្លាំង Abu Mahdi al-Muhandis ក្នុងការវាយប្រហារដោយយន្តហោះដ្រូន នៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដក្នុងប្រទេសអ៊ីរ៉ាក់ ហើយការធ្វើឃាតនេះត្រូវបានថ្កោលទោសដោយប្រទេសអ៊ីរ៉ង់ថា ជា “អំពើភេរវកម្មរដ្ឋ” ។

កាលពីដើមខែមករា អនុប្រធានតុលាការអ៊ីរ៉ង់ លោក Kazem Gharibabadi បានលើកឡើងថា ប្រទេសនេះបានចោទប្រកាន់ជនជាតិអាមេរិក ចំនួន ៩៤ នាក់ពីបទពាក់ព័ន្ធនឹងការធ្វើឃាតលោក Soleimani ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top