ព័ត៌មានអន្តរជាតិ

ទីក្រុង​គៀវ ​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ​ធានា​ការ​នាំ​ចេញ​ស្បៀង​ អាហារ​របស់​អ៊ុយក្រែន បើ​ទោះ​ជា​ប៉ូឡូញ​ជំទាស់​ក៏​ដោយ

ប្រភព ៖Xinhua

គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal ​បានជំរុញឱ្យគណៈកម្មការអឺរ៉ុប ធានាការនាំចេញផលិតផលកសិកម្មអ៊ុយក្រែន ទាំងអស់ដោយគ្មានដែនកំណត់ទៅកាន់សហភាពអឺរ៉ុប​ ទោះបីជាមានការអំពាវនាវរបស់ប៉ូឡូញ ឱ្យពន្យារពេលការហាមឃាត់ការនាំចេញក៏ដោយ។

លោក Shmyhal បានសរសេរថា “នេះគឺជាសកម្មភាពនៃសាមគ្គីភាព មិនត្រឹមតែជាមួយអ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្តែជាមួយពិភពលោក ដែលពឹងផ្អែកលើគ្រាប់ធញ្ញជាតិរបស់យើង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបានពណ៌នាអំពីចេតនារបស់ប្រទេសប៉ូឡូញ ក្នុងការបន្តរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ទៅកាន់សហភាពអឺរ៉ុបថា ជាចលនាមិនរាក់ទាក់ និងប្រជានិយម​។ លោក Shmyhal បានបន្ដថា ការពន្យារពេលនៃការហាមឃាត់លើការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងអាហារពិភពលោក និងសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន។

កាល​ពី​ខែ​ឧសភា គណៈកម្មការ​អឺរ៉ុប ​បាន​ដាក់​បម្រាម​លើ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយក្រែន​ទៅ​ប្រទេស​អឺរ៉ុប​ចំនួន ៥។ កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអំពាវនាវឱ្យសហភាពអឺរ៉ុប បន្តការហាមឃាត់នេះ ដែលផុតកំណត់នៅថ្ងៃទី១៥ ខែកញ្ញា។

លោក Morawiecki បានសង្កត់ធ្ងន់ថា ប្រទេសប៉ូឡូញ នឹងមិនដកបម្រាមនេះទេ បើទោះជាសហភាពអឺរ៉ុប មិនយល់ព្រមលើការពន្យារពេលរបស់ខ្លួនក៏ដោយ នេះបើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top