ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ទើបតែកន្លងហួសមួយថ្ងៃ គឺមាន សន្លឹកឆ្នោតមិនបានការជាង៤០ម៉ឺនសន្លឹក ។
លោក ឌឹម សុវណ្ណារុំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៤ កក្កដាថា នៅពេលគ.ជ.ប កំពុងដំណើរការរាប់សន្លឹកឆ្នោតដែលទទួលបានពីមណ្ឌលនីមួយៗនៅទូទាំងប្រទេស នាថ្ងៃ២៣ កក្កដា ក្រោយបញ្ចប់ការបោះឆ្នោតភ្លាម រកឃើញសន្លឹកឆ្នោតមិនបានការប្រមាណជា៤០ម៉ឺនសន្លឹកតែប៉ុណ្ណោះ។
លោកថា “នេះជាតួលេខដែលអាចធ្វើការប្រៀបធៀបបាន អំពីចំនួនសន្លឹកឆ្នោតបានការដែលគណបក្សនីមួយៗទទួលបាន និងសន្លឹកឆ្នោតមិនបានការប្រមាណជាង៤០ម៉ឺនសន្លឹកនេះ ក្នុងលទ្ធផលចេញទៅបោះឆ្នោតជាង៨០ភាគរយ”។
លោកបន្តថា សម្រាប់សន្លឹកឆ្នោតមិនបានការឆ្នាំ២០២៣ តិចជាងកាលបោះឆ្នោត ឆ្នាំ២០១៨ (៦០ម៉ឺនសន្លឹក) ។
សូមបញ្ជាក់ថា លទ្ធផលផ្សាយដោយគ.ជ.ប បង្ហាញថា ពលរដ្ឋជាម្ចាស់ឆ្នោតចេញទៅបោះឆ្នោតចំនួន ៨,២១៣,២៦០នាក់ ស្មើនឹង៨៤,៥៨ភាគរយ ក្នុងចំណោមពលរដ្ឋមានឈ្មោះក្នុងបញ្ជី ៩,៧១០,៦៥៥នាក់ ៕