ភ្នំពេញ ៖ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថល ឈានមុខគេ នៅលើពិភពលោក បានចេញផ្សាយការសិក្សារ ចុងក្រោយរបស់ខ្លួន បានបង្ហាញ ពីអ្នកប្រើប្រាស់កម្ពុជា មានភាពស៊ាំ និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ទម្រង់ថ្មី សម្រាប់ការទូទាត់ តាមរយៈការប្រើប្រាស់ កាតឥណទាន/ឥណពន្ធ ដែលជាច្រកផ្លូវដ៏សំខាន់ សម្រាប់ការធ្វើបរិយាបន្នហិរញ្ញវត្ថុឆ្ពោះ ទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធ ។
តាមរយៈការសិក្សានេះ ក៏បានបញ្ជាក់ថា ប្រជាជនកម្ពុជា ទទួលយកទម្រង់ថ្មី នៃការទូទាត់ ដោយការប្រើប្រាស់ កាតឥណទាន/ឥណពន្ធ កំពុងមាន ប្រជាប្រិយភាព ក្នុងនោះប្រមាណ៣៥ភាគរយ នៃអ្នកចូលរួមស្ទង់មតិ បាននិយាយថា ពួកគេកំពុងប្រើប្រាស់ទម្រង់ទូទាត់ មួយនេះ ។ ចំណាប់អារម្មណ៍ ជាពិសេសលើប្រភេទកាត មានផ្ទុកបច្ចេកវិទ្យា Contactless ក៏កំពុងមានការកើនឡើង(ប្រមាណជា ៥៨ ភាគរយ ធៀប នឹងឆ្នាំ ២០២១ មានត្រឹម ៤២ភាគរយ ប៉ុណ្ណោះ) ខណៈអ្នកឆ្លើយតបការស្ទង់មតិ ៩ ភាគរយ បាននិយាយថា បច្ចុប្បន្នពួកគេកំពុងតែប្រើប្រាស់កាត ដែលមានផ្ទុកបច្ចេកវិទ្យា Contactless សម្រាប់ការទូទាត់ ។
តាមរយៈការសិក្សាដដែលនេះ បានបង្ហាញថា អតិថិជនជាម្ចាស់កាត បានធ្វើការទូទាត់តាមរយៈ កាតឥណទាន/ឥណពន្ធ ញ៉ឹកញាប់ជាងមុន ។ ប្រមាណជា ៧៨ ភាគរយ នៃម្ចាស់កាត ដែលមានផ្ទុកបច្ចេកវិទ្យា Contactless បាននិយាយថា ពួកគេប្រើវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដែលតួលេខនេះ គឺមានការកើនឡើងបើធៀបទៅនឹងឆ្នាំ ២០២០ មានប្រមាណជា ៣៧ ភាគរយ ប៉ុណ្ណោះ ខណៈ ការប្រើកាតឆូត/បញ្ចូល ក្នុងម៉ាស៊ីនបញ្ឈរបង់ប្រាក់ (មានការកើនឡើង ពី ៣៦ ភាគរយ ក្នុងឆ្នាំ ២០២០ មក ៥២ ភាគរយ) ហើយតាមរយៈការបញ្ជាទិញតាមអនឡាញ (មានប្រមាណ ៧៧ ភាគរយ កើនឡើងពី ៤៣ ភាគរយ នៅក្នុងឆ្នាំ ២០២០) ។ តែបើយោងពិនិត្យទៅមើលការឆ្លើយតប របស់អ្នកចូលរួមស្ទង់មតិ ដែលកាន់ទាំង កាតឥណទាន ឬ កាតឥណពន្ធ និង ប្រើប្រាស់កាបូបអេឡិចត្រូនិកវិញ យើងឃើញថា ចំនួន ៦៣ ភាគរយ បានឆ្លើយថា ពួកគាត់ចូលចិត្តប្រើប្រាស់កាតជាង ដោយសារ មូលហេតុ ចម្បង គឺការពេញចិត្តទៅនឹងភាពងាយស្រួលរបស់កាត ភាពរហ័ស និងភាពងាយស្រួល ក្នុងការយកតាមខ្លួន ។
ជារឿយៗការទូទាត់ តាមរយៈឌីជីថល គឺជាមធ្យោបាយហិរញ្ញវត្ថុផ្លូវការដំបូងគេ ដែលបុគ្គលគ្រប់រូបប្រើប្រាស់ ហើយវាបានដើរ តួជាមាគ៌ា ដែលនាំទៅរកការ ធ្វើបរិយាបន្នហិរញ្ញវត្ថុ ។ មនុស្សពេញវ័យប្រហែល ជាពាក់កណ្តាលនៃពិភពលោក រស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើការទូទាត់ ជាសាច់ប្រាក់សុទ្ធ ហើយពួកគេប្រឈមមុខ ជាមួយនឹងឧបស គ្គដែលនាំឲ្យមានគ្រោះថ្នាក់ ទាំងតម្លៃថ្លៃ នឹងគ្មានប្រសិទ្ធភាព ។ ការធ្វើបរិយាបន្នហិរញ្ញវត្ថុ ជួយតម្រង់ផ្លូវ អ្នកទាំងនោះឱ្យដើរចេញពីភាពក្រីក្រ បង្កើតបាននូវប្រជាពលរដ្ឋ ដែលមានផលិតភាព ផ្តល់សិទ្ធិអំណាចពេញលេញ ជំរុញឱកាសអាជីវកម្ម និងកំណើនសេដ្ឋកិច្ច ។
កាតឥណទាន អាចនឹងផ្តល់គុណតម្លៃដែលប្រសើរជាងគេចំពោះអតិថិជន សម្រាប់ភាពបត់បែន នៃការសងត្រឡប់ ការកសាងប្រវត្តិឥណទានវិជ្ជមាន និងតម្លាភាពឌីជីថល ។ នៅពេលដែលតម្រូវការ របស់អ្នកប្រើប្រាស់ មានការកើនឡើង ក្នុងការស្វែង រកភាពងាយស្រួល និងសុវត្ថិភាព នៃការទូទាត់ តាមរយៈឌីជីថល អាជីវកម្មណា ដែលអាចផ្តល់ជម្រើសទូទាត់ ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ និងទទួលបាន នូវអតិថិជន ដែលមានស្វាមីភក្តិ ដ៏ច្រើនផងដែរ ។
អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ “យើងមានសេចក្តីរំភើបណាស់ ដែលបានឃើញប្រជាជនកម្ពុជា ទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដោយសារការទទួលបាន នូវសេវាហិរញ្ញវត្ថុផ្លូវការនេះ គឺជាគន្លឹះក្នុងការជំរុញ ឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា”។ អ្នកស្រីបន្តទៀតថា ៖ “ការដោះសោទម្រង់ ឥណទានទំនើបនៅក្នុងទិដ្ឋភាព ឥណទានឌីជីថល ដែលកំពុងមានការវិវឌ្ឍ កាត់បន្ថយនូវឧបសគ្គ ក្នុងការចូលប្រើប្រាស់សេវាហិរញ្ញវត្ថុ នឹងដឹកនាំប្រជាជនកម្ពុជា កាន់តែច្រើន ឲ្យចូលទៅក្នុង វិស័យហិរញ្ញវត្ថុផ្លូវការ តាមរយៈការលើកទឹកចិត្ត ឲ្យមានប្រតិបត្តិការទូទាត់ប្រកប ដោយសុវត្ថិភាព និងទទួលខុសត្រូវ ។
រួមជាមួយប្រភេទ កាតឥណទាន គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ផ្តល់ឱ្យធនាគារ នូវឧបករណ៍មួយ ដើម្បីគាំទ្រអតិថិជន ដែលប្រឈមមុខ នឹងការលំបាក តាមរយៈការផ្តល់នូវហិរញ្ញប្បទានរយៈពេលខ្លី ដែលអនុញ្ញាតឱ្យអតិថិជនផ្លាស់ប្តូរទៅរកទម្រង់ឥណទាន ផ្សេងមួយទៀត ជួយកសាងនូវប្រវត្តិឥណទាន និងស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។ នៅក្នុងប្រទេស/តំបន់ ផ្សេងទៀត ធនាគារជាច្រើន បានប្រើប្រាស់ គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ដោយជោគជ័យ សម្រាប់ការផ្តល់ឥណទាន និងការធ្វើបរិយាបន្នឥណទាន ។
ប្រជាជនកម្ពុជាបាននិយាយថា ពួកគេប្រើប្រាស់គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ភាគច្រើននៅក្នុងហាងទំនើប (មានប្រមាណជា ៥៨ ភាគរយ) ឬនៅតាមគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក e-Commerce (ប្រមាណជា ៥២ភាគរយ) ប្រមាណជា ៥៣ ភាគរយ សម្រេចចិត្តប្រើ គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ក្នុងអំឡុងពេលដើរទិញឥវ៉ាន់ និង ៤៦ភាគរយ មុនពេលទូទាត់ ហើយប្រមាណជា ៤០ភាគរយ មុនពេលពួកគាត់ទិញទំនិញ ដែលចំនួន ជាមធ្យមនៃគម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ត្រូវបានប្រើប្រាស់ ដោយអ្នកឆ្លើយតប តាមរយៈការស្ទង់មតិក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺមានលេខរៀងខ្ពស់ប្រមាណជា ៦.៦ – ហើយភាគច្រើន នៃអ្នកប្រើប្រាស់គម្រោងនេះ ស្ថិតនៅក្នុងប្រភេទសេវាកម្មដូចជា ការធ្វើដំណើរ ការត្រួតពិនិត្យសុខភាព និងសម្រស់ និងការទិញឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះជាដើម ។
ក្រុមហ៊ុន Visa តែងតែស្វះស្វែង រកមធ្យោបាយដើម្បីលើកកម្ពស់ ការប្រើប្រាស់ការទូទាត់ តាមរយៈប្រព័ន្ធឌីជីថល នៅក្នុង ប្រទេសកម្ពុជា ដើម្បីផ្តល់ សិទ្ធិអំណាច ដល់អ្នកប្រើប្រាស់ រួមជាមួយនឹងការ ផ្តល់ជូនបទពិសោធន៍ដល់អតិថិជនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ។ ជាសក្ខីភាព រយៈពេលថ្មីៗមកនេះ ក្រុមហ៊ុន Visa បានសហការជាមួយក្រុមហ៊ុន Cellcard របស់កម្ពុជា និង MyCLNQ របស់សិង្ហបុរី ដើម្បីដាក់ដំណើរការសេវា E-Heath របស់ Cellcard ដែលផ្តល់នូវការថែទាំសុខភាពប្រកបដោយគុណភាព តាមរយៈការប្រើប្រាស់សេវាកម្មតាមកម្មវិធីទូរស័ព្ទដៃ ។ សេវា E-Health ត្រូវបានរួមបញ្ចូលជាមួយស៊ីមទេសចរណ៍របស់ Cellcard ហើយអ្នកទេសចរដែលមកកម្សាន្តនៅកម្ពុជាអាចសន្សំបាន ១០ភាគរយ លើសេវាកម្ម និងវិក្កយបត្រវេជ្ជសាស្រ្ត ដោយការទិញសេវាកម្មនេះជាមួយនឹង Visa កាត របស់ពួកគេ ។
អ្នកស្រី Tranchini បានបន្ថែមទៀតថា៖ “យើងសូមអបអរសាទរដល់រដ្ឋាភិបាល និងអង្គការនានា ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ផ្តល់នូវការអប់រំ ចំណេះដឹង ផ្នែកហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យប្រជាជនកម្ពុជា អាចកសាងនូវចំណេះដឹង នឹងទំនុកចិត្តរបស់ពួកគេនៅក្នុង វិស័យហិរញ្ញវត្ថុ ។ ភាពច្នៃប្រឌិតផ្នែកឌីជីថលនៅក្នុងទិដ្ឋភាពឥណទាន បានបង្ហាញពីឱកាសដ៏គួរឱ្យរំភើបសម្រាប់ការធ្វើបរិយាបន្នហិរញ្ញវត្ថុ និងដំណើរវឌ្ឍនភាពឆ្ពោះ ទៅរកប្រព័ន្ធអេកូឡូស៊ី ដែលមានតម្លាភាព និងនិរន្តរភាពជាងមុន” ៕