វ៉ាស៊ីនតោន៖ អគ្គអធិការពិសេស សម្រាប់ការកសាងឡើងវិញអាហ្វហ្គានីស្ថាន ( SIGAR) លោក John Sopko បានឲ្យដឹងថា ចំណាយប្រាក់របស់អាមេរិក ក្នុងមួយឆ្នាំលើការគាំទ្រអ៊ុយក្រែន ច្រើនជាងការចំណាយក្នុងអំឡុងយុទ្ធនាការអាហ្វហ្គានីស្ថានជាង ១២ឆ្នាំ ហើយនៅចុងឆ្នាំ២០២៣ ចំនួនជំនួយសរុប សម្រាប់ទីក្រុងគៀវ នឹងលើសពីការផ្តល់មូលនិធិ Marshall Plan ទាំងមូលបន្ទាប់ពីសង្គ្រាមលោកលើកទីពីរទៅទៀត។
មន្ត្រីបានឲ្យដឹងក្នុងអំឡុងពេលការពិភាក្សានិម្មិត ដែលរៀបចំដោយវិទ្យាស្ថាន Quincy សម្រាប់ការទទួលខុសត្រូវរបស់រដ្ឋថា “យើងកំពុងចំណាយប្រាក់កាន់តែច្រើននៅអ៊ុយក្រែន ឥឡូវនេះក្នុងមួយឆ្នាំ ជាងយើងបានចំណាយប្រហែល ១២ ឆ្នាំនៅអាហ្វហ្គានីស្ថាន ហើយនៅចុងឆ្នាំនេះ យើងនឹងចំណាយប្រាក់ច្រើនជាងយើងធ្វើផែនការ Marshall ទាំងមូលបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ”ទៅទៀត។
លោក Sopko បានបន្ថែមថា សហរដ្ឋអាមេរិកបានចំណាយប្រហែល ៣៧៥ លានដុល្លារក្នុងមួយខែ សម្រាប់ជំនួយសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលរដ្ឋបាលលោក បៃដិន កំពុងចំណាយប្រហែល ២,៥ ពាន់លានដុល្លារក្នុងមួយខែ សម្រាប់ជំនួយសន្តិសុខក្នុងប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយជាង ៧៥ ពាន់លានដុល្លារក្នុងប្រភេទផ្សេងៗដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ ផ្នែកសំខាន់ ឬជិត ៥០ ពាន់លានដុល្លារត្រូវបានចំណាយលើអាវុធ និងឧបករណ៍យោធា ដែលពាក់ព័ន្ធ៕ ប្រែសម្រួល ឈូក បូរ៉ា