ប៉ាគីស្ថាន៖ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្សចំនួន៤៤នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យដោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯការទីតាំងជួបជុំពិភាក្សារឿងនយោបាយមួយកន្លែងរបស់គណបក្សឥស្លាមឈានមុខគេស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។
គេបានដឹងថា ការបំផ្ទុះនេះសំដៅទៅលើគណបក្ស Jamiat Ulema-e-Islam-F (JUI-F) ដែលជាដៃគូចម្រុះរដ្ឋាភិបាលដឹកនាំដោយបព្វជិតដ៏មានឥទ្ធិពលម្នាក់ ខណៈដែលអ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្រោមដំបូលផ្ទះនៅទីក្រុង Khar ជិតព្រំដែននៃប្រទេសអាហ្វហ្គានីស្ថាន ។
លោក Abdullah Khan ដែលជាអ្នកព្យាយាមជួយជនរងគ្រោះបានលើកឡើងថា “តង់បានដួលរលំទៅម្ខាង ហើយទាក់ជាប់នឹងអ្នកដែលរត់គេចចេញពីទីនោះ ។
លោក Sabeeh Ullah ដែលជាអ្នកគាំទ្រគណបក្សមានវ័យ២៤ឆ្នាំហើយដៃរបស់គាត់បាក់ដោយសារការបំផ្ទុះនេះ បាននិយាយថា ការរងរបួសគឺគួរឱ្យរន្ធត់ខ្លាំងណាស់ ។
គាត់បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP តាមទូរស័ព្ទយ៉ាងដូច្នេះថា “ខ្ញុំបានរកឃើញថា ខ្លួនខ្ញុំកំពុងដេកនៅក្បែរនរណាម្នាក់ដែលបានបាត់បង់អវយវៈរបស់ពួកគេដែរ ហើយពេលមានខ្យល់បក់មកគឺពោរពេញដោយក្លិនសាច់មនុស្សរងរបួស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា