ព័ត៌មានជាតិ

៣-៤ថ្ងៃទៀត ទឹកទន្លេនឹងហក់ឡើង , ខេត្ត៣ត្រូវប្រុងប្រយ័ត្ន

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ៣១ កក្កដា នេះ បានប្រកាសថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣ទៅ៤ថ្ងៃ ខាងមុខនេះ ។ ក្នុងនោះនៅភាគខាងលើកម្ពុជា រួមមាន ៖ ខេត្តស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់៧,៦៥ ម៉ែត្រ , ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់១៦,៧០ម៉ែត និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់៩,៩០ ម៉ែត្រ ។

ប៉ុន្តែយ៉ាងណាក្រសួងក៏សង្កត់ធ្ងន់ថា ទឹកទន្លេដែលហក់ឡើងនៅពេលនេះ គឺនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្ល និងហូរចូលទៅតាមបណ្ដាព្រែកមួយចំនួន ។

ទោះបីជាយ៉ាងនេះក្តី ក៏ក្រសួងបានអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយអាចកើតមានបញ្ហាជាយថាហេតុ ។

បើតាមក្រសួងដដែល ស្ថានភាពអាកាសធាតុដោយទឹកទន្លេឡើងបែបនេះ ព្រោះបាននិងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្ដាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងកម្ពុជាមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ ៕

To Top