ព័ត៌មានជាតិ

ទិន្ន័យជំរឿនសត្វក្រៀល មានការកើនឡើង

រូបភាពពី៖ ក្រសួងបរិស្ថាន

ភ្នំពេញ ៖ ទិន្ន័យជំរឿនសត្វក្រៀលមានការកើនឡើង ខណៈមានកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់ នៃសំបុកសត្វក្រាល នៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ។ មូលហេតុទិន្ន័យសត្វដ៏កម្រនេះកើនឡើងវិញ ត្រូវបានក្រសួងបរិស្ថានរៀបរាប់ឲ្យដឹងកាលពីថ្ងៃ៣០ កក្កដា ថា សត្វក្រៀលជាប្រភេទបក្សីដែលមានទំងន់ធ្ងន់ និងខ្ពស់ជាងគេ ហើយអាចហើរបានក្នុងរយៈចម្ងាយឆ្ងាយ ដែលបច្ចុប្បន្នកំពុងតែទទួលរងការគម្រាមកំហែងឈានទៅជិតផុតពូជអាស្រ័យដោយចំនួនប្រជាសាស្រ្តមានការថយចុះ។

តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅកម្ពុជា និងវៀតណាមមាន៨៧៨ក្បាល ក្នុង២០០២ធ្លាក់មកដល់១៥៦ក្បាលក្នុងឆ្នាំ២០២២។

ក្រសួងបរិស្ថាន បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅកម្ពុជាឆ្នាំ២០២៣នៅតាមទីតាំងសំខាន់ៗនៅកម្ពុជានិងវៀតណាមដូចជាតំបន់ដីសណ្តរទន្លេមេគង្គ តំបន់ជំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងនិងឥសាន្ត។ កាលបរិច្ឆេទនៃការធ្វើជំរឿងសត្វក្រៀលនៅកម្ពុជាធ្វើឡើងនៅខែធ្នូ មករា កុម្ភៈ មីនា មេសា និងខែឧសភា។ លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានសត្វក្រៀលចំនួនខ្ពស់បំផុតក្នុងខែកុម្ភៈ គឺ១៨០ក្បាល ។ តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅលទ្ធផលឆ្នាំ២០២២ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ១៦១ក្បាល។ សត្វក្រៀល២ក្បាលបានកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ។

សំបុករបស់សត្វក្រៀលដែលជាសត្វកំពុងរងការគំរាមកំហែងជាសាកលមួយសំបុក រួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបានគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ នេះជារបកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា។ កាលពីថ្ងៃ២៨ កក្កដា ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក បន្ទាប់ពីពួកគេបានទទួលព័ត៌មានអំពីវត្តមានសត្វនេះពីប្រជាជនសហគមន៍ហើយបានចុះពិនិត្យ និងបានកត់ត្រាដល់ទីតាំងក្នុងតំបន់ទីជម្រកនោះ។

ដោយក្តីរំភើបចិត្តជាខ្លាំង លោក អៀម សំអ៊ន់ ប្រធានកម្មវិធីស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញនេះថា គឺជាកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកសត្វក្រាលរួមជាមួយនឹងសត្វពេញវ័យបន្តពូជមួយគូផងដែរ នៅក្នុងតំបន់ព្រៃលិចទឹកទន្លេមេគង្គសម្រាប់រយៈពេល២០ឆ្នាំកន្លងមកនេះ។ លោកបាននិយាយទៀតថា “របកគំហើញដ៏អស្ចារ្យនេះពិតជាជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សបន្ថែមទៀតការពារក្នុងតំបន់ទីជម្រកពីសំណាក់ដៃគូរដ្ឋាភិបាលរបស់យើង សហគមន៍ អង្គការ WWF និងភាគីពាក់ព័ន្ធផ្សេងទៀត” ។

ចំណែក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា «វាជាដំណឹងដ៏រីករាយដែលលទ្ធផលជំរឿនឆ្នាំ២០២៣ បង្ហាញពីសញ្ញាវិជ្ជមានព្រោះថា ទិន្នន័យជំរឿនសត្វក្រៀលក្នុងរយៈពេល១០ឆ្នាំចុងក្រោយបានបង្ហាញនិន្នាការថយចុះរហូត”។

សត្វក្រៀល គឺជាសត្វស្លាបមានមាឌធំមួយប្រភេទដែលអាចធ្វើចរាចររយៈចម្ងាយឆ្ងាយ ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN។ ក្នុងខែកក្កដា ឆ្នាំ២០២៣ នេះដែរ ។ ក្រុមអ្នកស្រាវជ្រាវក៏បានកត់ត្រាទុកនូវសត្វក្រៀលចំនួន៤ក្បាលផ្សេងទៀត ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការ WWF ៕

To Top