ស្វាយរៀង: ក្រោយពីមានការផ្ទុះឡើងជាថ្មី នៃជំងឺផ្ដាសាយបក្សី នៅប្រទេសវៀតណាម ខេត្តស្វាយរៀង បានរៀបចំផែនការ ដល់មន្ត្រីកសិកម្មពាក់ព័ន្ធ ដើម្បីពង្រឹងការទប់ស្កាត់ និងពិនិត្យអោយបានត្រឹមត្រូវ ការនាំចូលសាច់សត្វនិងសត្វរស់ ពីប្រទេសជិតខាង ឲ្យបានហ្មត់ចត់បំផុត ។
នៅក្នុងពិធីផ្សព្វផ្សាយ ទប់ស្កាត់ការផ្ទុះឡើងនឹងឆ្លងរាលដាល នៃជំងឺផ្តាសាយបក្សី ក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានមានប្រសាសន៍ថា ការផ្ទុះរាលដាលជំងឺឆ្លងសាយបក្សី លោកបានជំរុញអោយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ឲ្យខានតែបាន ជាពិសេសការនាំចូល សាច់សត្វ និងសត្វបក្សីរស់ មកពីប្រទេសជិតខាង តាមច្រកព្រំដែននានា មានច្រកអន្តរជាតិ និងច្រករបៀងជាដើម ដើម្បីទប់ស្កាត់ជំងឺនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
លោកបានបន្តថា មន្ត្រីជំនាញខាងផ្នែកបសុពេទ្យ ត្រូវធ្វើការផ្សព្វផ្សាយ ជូនម្ចាស់អាជីវកម្មឡរសត្តឃាត អាជីវក រលក់សាច់សត្វ និងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ និងអ្នកចិញ្ចឹមសត្វទាំងអស់ អោយមានការយល់ដឹង ការថែរក្សាអនាម័យ ឲ្យបានទៀងទាត់ ការអនុវត្តថ្នាំសម្លាប់មេរោគ។
យ៉ាងណាលោកបានជំរុញ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ សហការ ជាមួយអាជ្ញាធរព្រំដែនប្រទេសជិតខាង ចំពោះការនាំចូលសាច់សត្វចិញ្ចឹមគ្រប់ប្រភេទ មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មុននឹងនាំចូលមកក្នុងស្រុក បើមានកិច្ចការចាំបាច់ ត្រូវមានការរាយការណ៍ ជាបន្ទាន់មកដល់មន្ត្រីជំនាញ ថ្នាក់ជាតិឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរលោក សេង សិលា អភិបាលរងខេត្តស្វាយរៀង ក៏បានជំរុញបន្ថែ មដល់មន្ត្រី ជំនាញទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ឲ្យខានតែបាននិងពិនិត្យឲ្យបានត្រឹមត្រូវ ចំពោះការនាំចូលសាច់សត្វ និងសត្វរស់ ដើម្បីបង្ការកុំឱ្យមានជំងឺផ្តាសាយបក្សី កើតមាននៅក្នុងខេត្តស្វាយរៀង ក៏ដូចប្រទេសកម្ពុជាផងដែរ ៕