គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ថា ទូរទស្សន៍សាធារណៈរដ្ឋអ៊ុយក្រែន Suspilne បានរាយការណ៍កាលពីថ្ងៃអង្គារថា អាជ្ញាធរអ៊ុយក្រែន បានដករូបសញ្ញា “ញញួរ និងកណ្តៀវ” ដែលបន្សល់តាំងសម័យសូវៀត ចេញពីវិមាន មាតុភូមិ នៅក្នុងទីក្រុងគៀវ ។
ក្រសួងវប្បធម៌ និងគោលនយោបាយព័ត៌មាន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និមិត្តសញ្ញាសូវៀត ដែលបានដាក់នៅលើវិមាននេះ នឹងត្រូវបានជំនួសនិមិត្តសញ្ញាថ្មី របស់ប្រទេសអ៊ុយក្រែន ដែលត្រូវតំឡើងនៅថ្ងៃទី២៤ ខែសីហា នៅគ្រាដែលប្រទេសនេះ ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រ របស់ក្រសួងខាងលើបានឲ្យដឹងថា អ្នកជំនាញបានអនុវត្តការងារ ត្រៀមទុកមួយចំនួន និងសាងសង់រូបចម្លាក់ដែកនៃត្រីកោណនេះ ។
ក្រសួងក៏បានឲ្យដឹងផងដែរថា ខ្លួននឹងពិចារណាលើសំណើ ដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រក្នុងស្រុក ដើម្បីប្តូរឈ្មោះវិមាន Motherland ទៅជា Mother Ukraineវិញ ។
គួរបញ្ជាក់ថា វិមាននេះត្រូវបានសម្ពោធ នៅឆ្នាំ១៩៨១ វិមាន Motherland មានកម្ពស់១០២ម៉ែត្រត្រូវបានគេចាត់ទុកថា ជានិមិត្តសញ្ញាស្ថាបត្យកម្មមួយ នៃទីក្រុងគៀវក៏ដូចជាតំណាងឲ្យអ៊ុយក្រែន ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា