ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគណបក្សរួបរួមរុស្ស៉ី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី បន្ថែមទៀត ដើម្បីការពារសន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ និងពិភពលោក ។
តាមរយៈសារលិខិតថ្លែងអំណរគុណចំពោះ លោក Dmitry Medvedev ប្រធានគណបក្សរួបរួមរុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៉ី ទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៉ី បានផ្ញើសារអបអរសាទរជូន សម្តេចតេជោ ចំពោះជ័យជម្នះ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាពេលថ្មីៗនេះ សម្តេចតេជោលើកឡើងថា សម្ដេច មានសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងប្រពៃណីដ៏ល្អ រវាងគណ បក្សរួបរួមរុស្ស៊ី និង គណបក្សប្រជាជនកម្ពុជា ។
សម្ដេចប្រធានគណបក្សថា «ខ្ញុំសូមបញ្ជាក់ជាថ្មីជូនឯកឧត្តមថា គណបក្សប្រជាជនកម្ពុជា បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណបក្សរួបរួមរុស្ស៉ី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងបន្ថែម ទៀត ដើម្បីការពារសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក»៕