ព័ត៌មានជាតិ

សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ទទួលបានប្រាក់ឧបត្ថម្ភ គោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល

កណ្ដាល៖ ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយ ការអនុវត្តរបបសន្ដិសុខសង្គម សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃ ប.ស.ស.  បានថ្លែងថា៖ គោលនយោបាយ ជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ប.ស.ស. បើកផ្ដល់ជូនជាបីដំណាក់កាល ដែលស្មើនឹងចំនួន ១៥លើក។

លោកបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្ដថា៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ប្រកាសដំឡើងកម្រិត នៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមខាងលើ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ សមាជិក ប.ស.ស. ជាស្រ្តីបានទទួលប្រាក់ឧបត្ថម្ភពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ១៣៧នាក់, ទទួលប្រាក់ឧបត្ថម្ភពិនិត្យសុខភាពក្រោយ សម្រាលមានចំនួន៣០នាក់ និងទទួលប្រាក់ឧបត្ថម្ភ ពេលចាក់វ៉ាក់សាំងកូនមានចំនួន ១២នាក់។ បន្ថែមពីនេះ បងប្អូនកម្មករនិយោជិតជាស្រ្តីទាំងអស់ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស. នឹងទទួលបានប្រាក់បំណាច់មាតុភាព ចំនួន ៧០ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ និងអត្ថប្រយោជន៍ផេ្សងៗជាច្រើនទៀតពី ប.ស.ស.។

លោកបណ្ឌិតអគ្គនាយករង បានបញ្ជាក់ទៀតថា៖ ដើម្បីធានាគោលការណ៍ទូទៅ នៃប្រព័ន្ធសន្តិសុខសង្គម លើទស្សនាទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម និងធានាបាននូវសន្តិសុខប្រាក់ចំណូល ប.ស.ស. បានសម្រេចបន្ថែមអត្ថប្រយោជន៍ក្នុងផ្នែកថែទាំសុខភាព គឺការផ្ដល់វិភាជន៍បូជាសពចំនួន ២លានរៀល និងបានកែសម្រួលវិភាជន៍បូជាសពក្នុងផ្នែកហានិភ័យការងារពី ៤លានរៀល ទៅ១០លានរៀលផងដែរ។

ក្នុងឱកាសជាមួយគ្នានេះ លោក ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ក្នុងខេត្តកណ្តាល ដែលទើបបើកថ្មីៗ ឬបើកយូរហើយ តែមិនទាន់បានចុះបញ្ជី ត្រូវប្រញ៉ាប់ទៅចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីឱ្យកម្មករនិយោជិតក្លាយជាសមាជិក ប.ស.ស. ចៀសវាងខាតបង់អត្ថប្រយោជន៍ របបសន្តិសុខសង្គម ពិសេសចំពោះសហគ្រាសដែលបានចុះបញ្ជី រួចត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន នឹងត្រូវចូលរួមសហការ រាល់សកម្មភាពដែលក្រុមការងារ ប.ស.ស. ដែលបានចុះទៅផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹង អំពីអត្ថប្រយោជន៍ របបសន្ដិសុខសង្គម និងចំណេះដឹងផ្សេងៗទៀត។

សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយការអនុវត្ត របបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារខាងលើនេះ មានវត្តមានអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំមន្ទីរ តំណាងនាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាននិងតំណាងអង្គភាពពាក់ព័ន្ធ នានា សរុបប្រមាណជាង ៣០០នាក់ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅសាលប្រជុំសាលាខេត្តកណ្ដាល៕

To Top