ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងរៀបចំពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ ក្រោមអធិបតីភាព សម្តេច ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ នៅបណ្ឌិត្យភានគរបាលកម្ពុជា។
ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវរៀបចំឡើងមានលក្ខណៈអធិកអធមដែលមិនធ្លាប់មានពីមុនមក ស្របតាមស្ដង់ដាអន្តរជាតិ។
តាមរយៈសេចក្ដីជូនដំណឹងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១០ សីហា បានឲ្យដឹងថា និស្សិតជ័យលាភីទាំងនេះ គឺជាធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពល និងមានលក្ខណសម្បត្តិសមស្រប ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់ សារធារណៈ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។
នេះគឺជាសក្ខីភាពបង្ហាញអំពីលទ្ធផលជោគជ័យថ្មីៗបន្ថែមទៀត របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នាធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងផ្នែកទន់ ដើម្បីទ្រទ្រង់និង បំពេញតម្រូវការនៃការងារបណ្តុះបណ្តាល ព្រមទាំងធ្វើទំនើបកម្មនិងអន្តរជាតិនីយកម្ម នៃកម្មវិធីអបរំគ្រប់កម្រិត ក្នុងគោលដៅបណ្តុះបណ្តាលតម្រង់ទិសទៅរកនគរបាលអាជីព ដែលមានសមត្ថភាពជំនាញច្បាស់លាស់ គោរពក្រមសីធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ចេះក្បាច់គុនការពារខ្លួននិងចាប់ជនល្មើស(កម្រិត ខ្សែក្រវាត់ខ្មៅ១ដាន់ ) មានកាយសម្បទារឹងមាំ មានភាពសកម្មនិងរហ័សរហួនក្នុងជំនាញចិត្តចលនានៃយុទ្ធវិធី នគរបាល ស្របតាមកម្មវិធីកំណែទម្រង់នគរបាលជាតិ និងផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ព្រមទាំងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕